ប្រធានាធិបតីហ្វីលីពីនមិនសហការជាមួយ ICC មិនឲ្យក្រុមស្រាវជ្រាវចូលក្នុងប្រទេសលោកឡើយ
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃទី ១៥ខែកញ្ញា បានអនុញ្ញាតិឲ្យបើកការស៊ើបអង្កេតជាទ្រង់ទ្រាយធំ ទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ។
តាមសារព័ត៌មាន Guardian បានផ្សាយថា ចៅក្រម ICC បានបញ្ជាក់ថា សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី Duterte មិនអាចចាត់ទុកថាជាសកម្មភាពអនុវត្តច្បាប់ដោយស្រប់ច្បាប់នោះឡើយ គឺជា«ការវាយប្រហារទ្រង់ទ្រាយធំ សំដៅទៅលើពលរដ្ឋស្លូតត្រង់។
កាលពីខែមិថុនា កន្លងមក អតីតអគ្គរដ្ឋអាជ្ញា របស់តុលាការ ICC លោកស្រី Fatou Bensouda បានស្នើដល់ចៅក្រមអនុញ្ញាតបើកការស្រាវជញរាវជាទ្រង់ទ្រាយធំ និងគ្រប់ជ្រុងជ្រោយស្តីពីការចោទប្រកាន់សម្លាប់ពលរដ្ឋស្លូតត្រង់ដោយខុសច្បាប់ក្នុងប្រទេសហ្វីលីពីន។ បច្ចុប្បន្ន ការស្រាវជ្រាវ នឹងត្រូវធ្វើឡើងដោយ អគ្គរដ្ឋអាជ្ញា Karim Khan អ្នកដែលជំនួសតំណែងលោកស្រី Bensouda ។
នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី១៦ខែកញ្ញា លោក Salvador Panelo ទីប្រឹក្សាច្បាប់របស់ប្រធានាធិបតី ហ្វីលីពីន បានឲ្យដឹងថា តុលាការ ICC មិនមានសិទ្ធិនៅក្នុងការកាត់ទោស ពាក់ព័ន្ធសង្គ្រាមប្រឆាំងគ្រឿងញៀនក្នុងប្រទេសហ្វីលីពីន ដូច្នេះទីក្រុងម៉ានីល មិនសហការណ៍ស្រាវជ្រាវនោះឡើយ។
លោក Salvador Panelo បានប្រកាសថា អ្នកស្រាវជ្រាវ របស់ ICC ក៏មិនអនុញ្ញាតឲ្យចូលក្នុងប្រទេសហ្វីលីពីននោះដែរ។ លោកបន្តទៀតថា«គោលដៅ របស់ប្រធានាធិបតីគឺមិនផ្លាស់ប្តូរឡើយ ហើយ ICC បានខុសឆ្គងពេលសម្រេចបើកការស្រាវជ្រាវមកលើទឹកដីហ្វីលីពីន។
តាមតួលេខរបស់រដ្ឋាភិបាលហ្វីលីពីន ដែលបានប្រកាសកាលថា ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនចាប់ពីខែកក្កដាឆ្នាំ២០១៦មកបានសម្លាប់មនុស្ស ៦១៨១ នាក់ និងជាង ២សែននាក់ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន។ ប៉ុន្តែតួលេខរបស់ ICC គឺមានអ្នកស្លាប់ចាប់ពី១២.០០០ដល់ ៣០.០០០នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។