រដ្ឋមន្ត្រីក្រសួង​ទស​ចរណ៍​៖ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ខាងមុខ ការ​គ្រប់គ្រងចលនា​ទេសចរណ៍​ផ្ទៃក្នុង ប្រកបដោយ​សុវត្ថិភាព គឺជា​សញ្ញា​វិជ្ជមាន​នៃ​ការ​ងើប​ឡើងវិញ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បាន​លើកឡើងថា ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ខាងមុខ ការជំរុញ​និង​គ្រប់គ្រង​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ប្រកបដោយ​សុវត្ថិភាព គឺជា​សញ្ញា​វិជ្ជមាន​នៃ​ការ​ងើប​ឡើងវិញ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី បានលើកឡើង​បញ្ហា​នេះ ក្នុង​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍​ផ្ទៃក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០២១ និង​ទិសដៅ​អនុវត្ត​បន្ត កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ ដោយមាន​ការចូលរួម​ពី​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​២៥ មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំង​២៥ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។​

​សន្និបាត​នេះ​ធ្វើឡើង​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​លទ្ធផល​ការងារ​ទេសចរណ៍​ផ្ទៃក្នុង​ដែល​បាន​អនុវត្ត​រយៈពេល ៩​ខែ​ដើម ឆ្នាំ​២០២១ និង​ស្របពេល​ដាក់ចេញ នូវ​ទិសដៅ​អនុវត្ត​ការងារ​បន្ត ជំរុញ​ការស្តារ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ឡើងវិញ តាម​គន្លង​ប្រក្រតីភាព​ថ្មី ដើម្បី​ចូលរួម​សំខាន់​ក្នុង​ការស្តារ សេដ្ឋកិច្ច​សង្គមជាតិ និង​ទទួល​អំណរ​បុណ្យ​ភ្ជុំបិណ្ឌ នៅពេល​ខាងមុខ​។​

​ឯកឧត្ដម​បន្ថែមថា​វិស័យ ទេសចរ​ផ្ទៃក្នុង ដែល​រូ​ម​មាន​ទាំង​ទេសចរ​ជាតិ និង បរទេស​ផ្ទៃក្នុង គឺជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​សក្តានុពល​មួយ​នៅក្នុង​ការស្តារ​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ និង​ជាពិសេស​ចូលរួម​ក្នុងការ​ការសម្រួល និង​ទ្រទ្រង់​ដល់​ដំណើរការ​អាជីវកម្ម​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។ រីឯ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​នឹង​ខិតជិត​មកដល់​ក្នុងពេល​ខាងមុខនេះ ក៏​ជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំជាងគេ​បង្អស់​ក្នុងចំណោម​បុណ្យប្រពៃណី​ខ្មែរ​យើង​។​

​ឯកឧត្ដម ថោង ខុន បញ្ជាក់ទៀតថា​៖ «​បើ​ពិនិត្យ​លើ​អត្រា​ចាក់​វ៉ាក់សាំង គឺ​យើង​ចាក់​បាន​ជាង ៩០% បើ​គិតពី​អាយុ ១២ ឆ្នាំ​ឡើង ដូចនេះ​ភាព​ស៉ាំ​ក្នុង​សហគមន៍​ក៏​អាចមាន​ល្អប្រសើរ​ហើយ​។ សព្វថ្ងៃ ទោះបី​អត្រា​ឆ្លង​នៅមាន ប៉ុន្តែ​អកា​រៈ​រោគ​វិវត្តន៍​ទៅ​ធ្ងន់ធ្ងរ និង អត្រា​មរណៈ​ដោយសារ​កូ​វីដ​ក៏មាន​ការថយចុះ​ច្រើន​ផងដែរ​។ ប៉ុន្តែ​ទោះ ជា​យ៉ាងណាក៏ដោយ​ក៏​យើង​នៅតែ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ដោយ​ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​នូវ​វិធាន​បង្ការ​ទាំងឡាយ ជា​ចាំបាច់ ពិសេស​អនុវត្ត ៣​កុំ ៣ ការពារ ជាប់​ជានិច្ច​»​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ទៀតថា ប្រសិនបើ​ក្នុង​រដូវ​ភ្ជំបិណ្ឌ​ខាងមុខនេះ រដ្ឋបាល​គ្រប់​ថ្នាក់ មន្ទីរ ជំនាញ ប្រ​ត្តិ​ប​ត្តិ​ករ​ទេសចរណ៍ និង​ទេសចរ រួមគ្នា អនុវត្តបាន​នូវ​នីតិវិធី​ប្រ​ត្តិ​ប​ត្តិ​តាម​ស្តង់​អប្បបរមា SOP បានល្អ ទាំង​នៅតាម​ទីផ្សារ​នានា និង​វត្ត​អារាម បានល្អ​នោះ ចលនា​ទេសចរណ៍​ផ្ទៃក្នុង យើង​នឹង​ងើបឡើង​វិញ​ល្អ ដែល​នេះ ក៏​គឺជា​បុ​រេ​លក្ខណៈ​សម្រាប់​ការត្រៀម​បើកទទួល​ទេសរ​អន្តរជាតិ ចាក់​វ៉ាក់សាំង នាពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close