កាំកុងត្រូលខេត្តតាកែវប្តឹងទៅតុលាការឲ្យចាត់ការម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនៅស្រុកបាទី
តាកែវ៖ ក្រោយទទួលបានពត័មានថា ការផលិតស្ករត្នោតក្លែងក្លាយ ដែលកែច្នៃចេញពីស្ករសរនៅស្រុកបាទីខេត្តតាកែវ កកើតឡើងវិញដោយមិនខ្លាចញញឹតច្បាប់ និងការអប់រំណែនាំជាច្រើនលើកច្រើនសាររបស់អាជ្ញាធរនោះ កំលាំងសមត្ថកិច្ចជំនាញសាខាកាំកុងត្រូលខេត្តតាកែវ ដោយមានការចូលរួមសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាតំបូងខេត្តតាកែវ បានឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយ ចំនួន ២កន្លែង នៅក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានឲ្យដឹងថា ការចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ គឺជាការអនុវត្តធម៏ក្តៅលើម្ចាស់សិប្បកម្មឥតច្បាប់ទាំងនោះ ដែលពួកគាត់នៅតែបន្តលួចផលិតនៅប្រភេទស្ករត្នោតក្លែងក្លាយនេះ បើទោះបីជាពួកគាត់ធ្លាប់បានត្រូវ អាជ្ញាធរខេត្ត និងក្រុមមន្ត្រីជំនាញចុះមកធ្វើការអបរំណែនាំអស់ជាច្រើនលើកច្រើនសារមកហើយក្តី តែម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំងនោះនូវតែមិនក្លាចញញឹតនឹងច្បាប់ ។
លោកប្រធានសាខាកាំកុងត្រូលខេត្តបានបន្តថា ក្រោយការចុះឆ្មក់ចាប់ទីតាំងផលិតស្ករក្លែងក្លាយខាងលើនេះរួច រូបលោកនិងដាក់ពាក្យបណ្តឹងប្តឹងទៅលើម្ចាស់ទីតាំងខាងលើ ទៅតុលាការ ដើម្បីអោយតុលាការចាត់ការ ម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនោះទៅតាមនីតិវិធី។
លោក ភួង ឈីម អភិបាលស្រុកបាទី បានអោយដឹងថា នៅក្នុងស្រុកបាទីនេះ គឺមានទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះចំនួន ៤៣ទីតាំង នៅឃុំចំនួន ៣ ហើយម្ចាស់ទីតាំងទាំង ៤៣នោះ គឺធ្លាប់បានធ្វើកិច្ចសន្យា បញ្ឈប់ការផលិតរួចមកហើយ និងទទួលបានការអបរំណែនាំពីមន្ត្រីជំនាញ អាជ្ញាធរស្រុក ជាច្រើនលើកច្រើនសារមកហើយដែរ ក៏ប៉ុន្តែមានតែម្ចាស់ទីតាំងមួយចំនួនតូចតែប៉ុណ្ណោះ ដែលស្តាប់និងអនុវត្តតាម ។ ដោយឡែកមកទល់ពេលនេះ គឺយើងទទួលបានដំណឹងថា មានទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះចំនួន ២៥ទីតាំង បានកើតឡើងវិញ និងលួចធ្វើសកម្មភាពឆក់កន្តៀត ផលិតស្ករត្នោតកែច្នៃចេញពីស្ករសរនេះ ទើបយើងប្រើវិធីសាស្ត្រឆ្មក់ចាប់ទីតាំងខាងលើនេះតែម្តង ។
សូមបញ្ជាក់ផងដែរថា ក្នុងការឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយខាងលើ សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុដកហូតនៅវត្ថុតាងជាច្រើន ដែលបង្ករជាការផលិតអោយស្ករត្នោតក្លែងក្លាយនេះ រួមជាមួយនិងស្ករត្នោតក្លែងក្លាយដែលផលិតរួចនូវមិនទាន់ដឹកចេញចំនួន ៨ធុង ដោយក្នុងមួយធុងមានទម្ងន់ជាង ១០០គីឡូក្រាម។ ហើយវត្ថុតាងខាងលើត្រូវបានដឹកយកមករក្សាទុកនៅសាលាស្រុកបាទី ដើម្បីរងចាំការអនុវត្តច្បាប់បន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។