អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ពី​ការគ្រប់គ្រង​ហានិភ័យ​ដើមឈើ ក្នុង​រមណីយដ្ឋាន​អង្គរ​

ខេត្តសៀមរាប​៖ ក្រៅពី​ប្រាសាទ ដើមឈើ​ជា​ទស្សនីយភាព​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ទេសចរ ក្នុង​ការដើរ​កម្សាន្តរ​មណី​យ​ដ្ឋា​ន​អង្គរ​។ ពិតណាស់ថា ដើមឈើ​បានផ្តល់​ប្រយោជន៍​ក្រៃលែង​ដល់​មនុស្ស និង​កិច្ចការ​អភិរក្ស​ប្រាសាទ តែ​ដើមឈើ​ក៏​ផ្តល់​ហានិភ័យ​មួយចំនួន​ផងដែរ ជាពិសេស​ពេល​ដើមឈើ​ធំ ចាស់ ងាប់ និង​ឈានដល់​ការ​ពុកផុយ​។ ក្នុងន័យ​សង្គ្រោះ​ប្រាសាទ ក៏ដូចជា​សុវត្ថិភាព​មនុស្ស អាជ្ញាធរ​ជាតិ​អប្សរា​តាមរយៈ​ក្រុម​ជំនាញ​ដើមឈើ បាន​ចុះ​ពិនិត្យ​តាមដាន​ជាប្រចាំ និង​ស្នើសុំ​វិធានការ​នានា ក្នុងនោះ​ដូចជា ការព្យាបាល ការ​កាត់​ក្រី និង​កាត់​ដកហូត​ដើមឈើ​ណា​ដែល​បង្ក​អាច​គ្រោះថ្នាក់​ជាដើម​។

​ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង ទទួលបន្ទុក​ការងារ​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា ក្រៅពី​កិច្ចការ​ចម្បង​ក្នុងការ​អភិរក្ស​ប្រាសាទ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ការថែរក្សា​និង​លើក​តម្លៃ​ទេសភាព​វប្បធម៌ ការងារ​ថែរក្សា​ព្រៃឈើ​និង​បង្កើន​គម្រប​បៃតង​ក្នុង​រមណីយដ្ឋាន​អង្គរ ក៏​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ចាត់ទុកជា​ការងារ​អាទិ​ភាព​ដែរ​។ មូលហេតុ​សំខាន់​នោះ គឺ​ដើមឈើ​បាន​ជួយ​មួយផ្នែក​ដល់​កិច្ចការ​អភិរក្ស​ប្រាសាទ​ផងដែរ​។​

​ចំណុច​ដែល​បង្ហាញថា អាជ្ញាធរ​ជាតិ​អប្សរា​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការងារ​បរិស្ថាន ក៏ដូចជា​ការថែរក្សា​ដើមឈើ​នោះ គឺ​ការបង្កើតឱ្យមាន​ស្ថានីយ​បណ្ដុះ​កូនឈើ​រហូតដល់​១០​ទីតាំង ហើយ​ជា​រៀងរាល់ឆ្នាំ​ស្ថានីយ​ទាំងនោះ​បណ្តុះ​កូនឈើ​បាន​ប្រមាណ​ជាង ២០០ ០០០​ដើម​។ តាំងពី​ឆ្នាំ​២០០៤​មក អាជ្ញាធរ​ជាតិ​អប្សរា ក្រៅពី​ខិតខំ​ថែរក្សា និង​ព្យាបាល​ដើមឈើ​ដែលមាន​ស្រាប់ គឺ​បាន​ដាំ​ដើមឈើ​បន្ថែម​សរុប​ជាង ២​លាន​ដើម​មកហើយ ក្នុង​តំបន់​អង្គរ​។ មួយវិញទៀត ក្នុង​មួយឆ្នាំៗ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូនឈើ​លើ​ផ្ទៃដី​ទំនេរ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ប្រមាណ​ជាង ២០ ០០០ ដើម និង​ជាង ១០០ ០០០ ដើម​ទៀត បាន​ចែកចាយ​ដល់​សាធារណជន​គ្រប់ទិសទី ដែល​បានដាក់​ពាក្យស្នើសុំ​យកទៅ​ដាំ​ដោយ​ឥត​បង់ថ្លៃ​។
​
ឯកឧត្តម​អគ្គនាយករង​បញ្ជាក់ថា គោលបំណង​សំខាន់​លើ​កិច្ចការងារ​នេះ គឺ​ដើម្បីឱ្យ​អង្គរ​មាន​ភាព​បៃតង និង​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ស្រឡាញ់ និង​ការពារ​បរិស្ថាន​។​
​ក្នុង​បេសកកម្ម​ថែរក្សា​ព្រៃឈើ​វិញ អាជ្ញាធរ​ជាតិ​អប្សរា​មាន​ក្រុម​ជំនាញ​សម្រាប់​ព្យាបាល​ដើមឈើ​ដែលមាន​ជំងឺ ឬ​ពុកផុយ​ជាដើម​។ ដើមឈើ​ខ្លះ​យើង​មើល​ពី​ខាងក្រៅ​ឃើញថា​នៅ​ល្អ​ស្អាត និង​ពុំមាន​ការខូចខាត​នោះទេ តែ​តាមពិត​ខាងក្នុង​ប្រហោង​ក្នុង​ពុកផុយ ទៅហើយ​។

​គោលដៅ​សម្រាប់​ការងារ​នេះ គឺ​ព្យាយាម​ទុក​ដើមឈើ​នោះ​ឱ្យអស់​លទ្ធភាព មុននឹង​សម្រេច​ឈានដល់​ការ​កាត់​ដកហូត​ចេញ ជៀសវាង​បង្ក​គ្រោះថ្នាក់​ដួលរលំ​សង្កត់​ប្រាសាទ ឬ​មនុស្ស ជាពិសេស​អ្នក​ដែល​មក​ទស្សនា​ប្រាសាទ​។ ក្នុង​មួយឆ្នាំៗ​មាន​ដើមឈើ​ហានិភ័យ​មួយចំនួន​ដើម​ត្រូវបាន​កាត់​ក្រី និង​កាត់​ដកហូត​ចេញ​ដោយ​អ្នកជំនាញ ហើយ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ជូនដំណឹង​ជូន​សាធារណៈជន​ជ្រាប​ជាមុន​ផងដែរ​។

​ទាក់ទង​នឹង​ករណី​នេះដែរ ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ បាន​ច្រានចោល​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន ដែលថា​អាជ្ញាធរ​ជាតិ​អប្សរា មានបំណង​ធ្វើ​ជំនួញ​ដើមឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ ដោយ​ធ្វើឱ្យ​ដើមឈើ​ងាប់​នៅក្នុង​បរិវេណ​ទីលាន​បដិសណ្ឋារកិច្ច​មុខ​អង្គរវត្ត បន្ទាប់មក​កាត់​យក​លក់​។

​ឯកឧត្តម​អគ្គនាយករង​ចាត់ទុក​ពាក្យសំដី​នេះ​ថា ប្រាស់​ច្រាក​ពី​ការពិត​ជាក់ស្ដែង និង​ពុំបាន​យល់ដឹង​ពី​បច្ចេកទេស​នៃ​ការថែទាំ​ដើមឈើ ព្រោះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ចការ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close