រដ្ឋបាល​ខេត្តសៀមរាប អនុញ្ញាត​ឲ្យ​មាន​អ្នក​ដឹកជញ្ជូន​ចំនួន ២២៣​នាក់ ចូលក្នុង​តំបន់​ក្រហម​

​ខេត្តសៀមរាប​៖ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម «​ហ្វេ​ស​ប៊ុ​ក​» របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា រដ្ឋបាល​ខេត្តសៀមរាប​បានរៀបចំ​ក្រុមការងារ ដើម្បី​សម្របសម្រួល​ក្នុងការ​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ តាម​ការបញ្ជាទិញ និង​ការដឹកជញ្ជូន​ដល់​គេហដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ដោយផ្ទាល់ ដោយ​រាល់​ការដឹក​ជ​ញ្ចូ​ន​ជា​បន្ទុក​របស់​រដ្ឋបាល​ខេត្ត ។​

​សម្រាប់​អ្នក​ដឹកជញ្ជូន​មាន​ចំនួន ២២៣​នាក់ ដែល​មកពី​ក្រុមការងារ « តោះ​ទៅលេង​សៀមរាប » ដែលជា​ក្រុម​ដឹកជញ្ជូន​គាំទ្រ​ដោយ​រដ្ឋបាលខេត្ត ក្រុមហ៊ុន​ហ្វូ​ត​ភេ​ន​ដា ញាំ​២៤ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​វី​ង ហើយ​អ្នក​ដឹកជញ្ជូន​ទាំង​២២៣​នាក់​នេះ បានធ្វើ​តេស្តរ​កកូ​វីដ​-១៩​រួចហើយ ដែល​ទទួលបាន​លទ្ធផល​អវិជ្ជមាន ប៉ុន្តែ​អាច​តម្រូវឱ្យ​ធ្វើតេស្ត​ក្នុង​ចន្លោះពេល​ពី ៧​ថ្ងៃ ទៅ​១០​ថ្ងៃ​ម្តង ឬ ១៥​ថ្ងៃ​ម្តង អាស្រ័យ​លើ​បច្ចេកទេស ឬ​ការកំណត់​របស់​ក្រ​សយ​ង​សុខាភិបាល​។​

​រដ្ឋបាលខេត្ត សុំ​ឲ្យ​មានការ​យោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ ចំពោះ​ការបិទ​ខ្ទប់​នេះ ហើយ​ការបិទ​ខ្ទប់​នេះ​គឺ​ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ចេញពី​សហគមន៍​យើង និង អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​បន្ត​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​វិធានការ​រដ្ឋបាលខេត្ត ពិសេស​បន្ត​អនុវត្ត​៣​ការពារ​និង​៣​កុំ​ឱ្យបាន​ខ្ជាប់ខ្ជួន ។​

​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ធ្លាប់មាន​ប្រសាសន៍ថា ការដាក់​ជា​តំបន់​ក្រហម​នេះ ដោយ​មូលហេតុ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​មិន​សហការ មិន​អនុវត្តតាម​ការណែនាំ មិនចេះ​ការពារ​ខ្លួន និង​ក្រុមគ្រួសារ​របស់ខ្លួន បន្ត​នាំអោយ​ឆ្លង​ដល់​អ្នកដទៃ ដែលមាន​ការយល់ដឹង និង​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ឯកឧត្ដម​ក៏បាន​សុំ​ឲ្យ​មានការ​យោគយល់ និង​អធ្យាស្រ័យ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ដែល​តែងតែ​គាំទ្រ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត ។​

​សូមបញ្ជាក់ថា កាលពី​រសៀល ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​កំណត់​ជា “​តំបន់​ក្រហម​” នៅក្នុង​ភូមិសាស្ត្រ​ភូមិ និង សង្កាត់​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ជា​បណ្តោះ អាសន្ន​សម្រាប់​រយៈពេល ១​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ក្នុងនោះ​មាន ៖ សង្កាត់​ស្លក្រាម , សង្កាត់​ស្វាយដង្គំ , សង្កាត់​គោកចក , សង្កាត់​ជ្រាវ , ភូមិ​តាវៀន ក្នុង​សង្កាត់​សាលា​កំរើក និង ភូមិ​ព្រៃធំ , ភូមិស្រ​ង៉ែ ក្នុង​សង្កាត់​ស្រ​ង៉ និង “​តំបន់​លឿងទុំ​” នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​សាលា​កំរើក សង្កាត់​នគរធំ សង្កាត់​សៀមរាប សង្កាត់​ស្រ​ង៉ែ សង្កាត់​ទឹក​វិល សង្កាត់​ក្របី​រៀល សង្កាត់​ចុង​ឃ្លៀស និង​សង្កាត់​សំបួរ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close