អាមេរិក នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​បរទេស ដែល​ចាក់​វ៉ាក់សាំង​កូ​វីដ​រួច ចូលក្នុង​ប្រទេស​ខ្លួន​

​វ៉ាស៊ីនតោន​៖ ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន គ្រោង​នឹង​តម្រូវឱ្យ​អ្នកទេសចរ​បរទេស​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ឱ្យបាន​ពេញលេញ ដើម្បី​អាច​ចូលមក​សហរដ្ឋអាមេរិក​បាន​។ រដ្ឋបាល​លោក បៃ​ដិ​ន បានប្រកាស​ផែនការ​ខាងលើនេះ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

​នៅក្រោម​គោលនយោបាយ​ថ្មី​ដែល​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ ជនបរទេស​ពេញវ័យ​ដែល​ហោះហើរ​ទៅ​សហរដ្ឋអាមេរិក​ត្រូវ​ទទួល​ថ្នាំ​បង្ការ​ឱ្យបាន​ពេញលេញ និង​បង្ហាញ​ភស្តុតាង​នៃ​ការចាក់​វ៉ាក់សាំង​មុនពេល​ឡើង​យន្តហោះ​។ ពួកគេ​នឹងត្រូវ​ទទួលបាន​ការធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​១៩​អវិជ្ជមាន​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ការចាកចេញ​។

​ទាក់ទង​នឹង​ម៉ាក​វ៉ាក់សាំង ដែល​មិនត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក​នោះ រដ្ឋបាល​បាន​និយាយថា​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អាមេរិក (CDC) នឹង​កំណត់ថា​តើ​វ៉ាក់សាំង​ណា​ដែល​នឹងត្រូវ​ទទួលយក​ក្រោម​គោលនយោបាយ​ថ្មី​នេះ​។​

​សហរដ្ឋអាមេរិក​បាន​ហាមឃាត់​មិនឱ្យ​ជនបរទេស​ដែល​មកពី​បណ្តា​ប្រទេស​មួយចំនួន​ចូលមកក្នុង​ប្រទេស​ខ្លួន ក្នុងនោះ​រួមទាំង​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប ចិន និង​ឥណ្ឌា​ក្នុង​រយៈពេល​១៤​ថ្ងៃ​។ ប៉ុន្តែ​ពួកគេ​នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល ប្រសិនបើ​ពួកគេ​ត្រូវបាន​ចាក់​វ៉ាក់សាំង​ពេញលេញ​។

​ការ​រឹតបន្តឹង​ការធ្វើដំណើរ​របស់​អាមេរិក​មិនសូវ​តឹងរ៉ឹង ចំពោះ​អ្នក​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន​ទេ ដោយ​គ្រាន់តែ​ត្រូវការ​ភស្តុតាង​នៃ​ការធ្វើ​តេស្ត​អវិជ្ជមាន​។ ប៉ុន្តែ​ក្រោម​គោលនយោបាយ​ថ្មី​នេះ ពួកគេ​ក៏​នឹងត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ឱ្យបាន​ពេញលេញ​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close