អណ្តើក​ហ្លួង ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​!

​អណ្តើក​ហ្លួង ឬ​ហៅថា​អណ្តើក​សរសៃ គឺជា​ប្រភេទ​អណ្តើក​ទឹកសាប​មាន​មាឌធំ​ដែល​ស្នូក​របស់​វា​មាន​ប្រវែង​រហូតដល់ ៦២,៥​សង់ទីម៉ែត្រ​។ អណ្តើក​ហ្លួង​រស់នៅ​តាម​ព្រែក និង​ដៃសមុទ្រ​ធំៗ​ក្នុង​តំបន់​ភាគខាងត្បូង​ឧបទ្វីប​ម៉ា​ឡេ (​ខាងត្បូង​ប្រទេស​ថៃ និង​ភាគ​ខាងលិច​ប្រទេស​ម៉ាឡេស៊ី កោះ​ស៊ូ​ម៉ា​ត្រា និង​មាននៅ​សេសសល់​ខ្លះ​ក្នុងប្រទេស​កម្ពុជា​។ ចំនួន​អណ្តើក​ហ្លួង​កំពុងមាន​ថយចុះ​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ និង​ប្រភេទ​អណ្តើក​នេះ ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​អណ្តើក​ជិត​ផុត​ពូជ​បំផុត​។

​ប្រភេទ​អណ្តើក​ក្នុង​ទ្វីបអាស៊ី​ជាច្រើន​កំពុង​រង​ការគំរាមកំហែង​ធ្ងន់ធ្ងរ ដោយសារតែ​ការជួញដូរ​អណ្តើក​ខុសច្បាប់​យកទៅ​បរិភោគ ធ្វើជា​សត្វ​ចិញ្ចឹម និង​ធ្វើជា​ឱសថ​បុរាណ នៅតែ​បន្ត​កើតមាន​។ ចំនួន​អណ្តើក​ហ្លួង​នៅក្នុង​ប្រទេស​កម្ពុជា ក៏​កំពុងតែ​ប្រឈម​ទៅនឹង​កត្តា​គំរាមកំហែង​ស្រដៀង​គ្នា​នេះដែរ ដូចជា​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់ ការនេសាទ​ខុសច្បាប់ ការបាត់បង់​ទីជម្រក​ដោយសារ​មានការ​រំលោភ​យក​ដី​ខុសច្បាប់ និង​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​។ ពុំទាន់​មានការ​សិក្សា​តាមបែប​វិទ្យាសាស្ត្រ​អំពី​ចំនួន​អណ្តើក​ហ្លួង​រស់នៅក្នុង​ទីជម្រក​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​ទេ​។​

​អង្គការ WCS សហការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​ជលផល បាននិងកំពុង​អនុវត្ត​សកម្មភាព​អភិរក្ស​សំខាន់ៗ​ដើម្បី​ការពារ​និង​អភិរក្ស​អណ្តើក​ហ្លួង​។ សកម្មភាព​ទាំងនេះ​រួមមាន កម្មវិធី​ការការពារ​សម្បុក អប់រំ​និង​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង ការពង្រឹង​ការអនុវត្ត​ច្បាប់ កម្មវិធី​លើកស្ទួយ​ជីវភាព​សហគមន៍ ការចិញ្ចឹម​ថែទាំ​កូនតូចៗ​ក្រោយពេល​ញាស់ និង​ការ​បង្កាត់​មេបា​ពេញវ័យ​ក្នុង​មជ្ឈមណ្ឌល និង​ការតាមដាន​វត្តមាន​អណ្តើក​ក្រោយពេល​លែង​ចូលក្នុង​ទីជម្រក​ធម្មជាតិ​។

​នៅ​ឆ្នាំ​២០០៥ រាជរដ្ឋាភិបាល​បានចេញ​ព្រះរាជក្រឹត្យ​ប្រកាស​ចាត់ទុក​ប្រភេទ​នេះ​ជា​ល្មូ​ន​តំណាងឱ្យ​ប្រទេស​កម្ពុជា និង​ដាក់ឈ្មោះ «​អណ្តើក​ហ្លួង​» ក្នុង​គោលបំណង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​ប្រភេទ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close