ខេត្ត​ក្រុង​ចំនួន​៥ សម្រេច​ផ្អាក​ការបើកទ្វារ​ទេសចរណ៍ ដោយ​ពលរដ្ឋ​មិនទាន់​ចាក់​វ៉ាក់សាំង​បាន ៧០%

​គម្រោង​បើកទ្វារ​វិស័យ​ទេសចរណ៍​សម្រាប់អ្នកទេសច​រ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​នៅក្នុង​ខេត្ត​ក្រុង​ចំនួន ៥​នៅ​ប្រទេស​ថៃ​ត្រូវបាន​ពន្យា​ពេល ដោយសារតែ​ពលរដ្ឋ​មិនទាន់​ចាក់​វ៉ាក់សាំង​បាន​ច្រើន ។​

​លោក Thanet Phetsuwan អនុប្រធាន ប្រព័ន្ធ​ផ្សព្វផ្សាយ​និង បដិសណ្ឋារកិច្ច នៃ​នាយក​រដ្ឋ​ទេសចរណ៍ ថៃ TAT បាន​បញ្ជាក់ថា គម្រោង​បើកទ្វារ​វិស័យ​ទេសចរណ៍​នៅ​ខែតុលា នឹងត្រូវ​ពន្យា​ពេល​ដល់​ខែវិច្ឆិកា​វិញ ក្រោយ​កិច្ចប្រជុំ​សម្រេច​រវាង TAT និង​ក្រសួងសុខាភិបាល​ថៃ ស្តីពី​ការបើកទ្វារ​ទេសចរណ៍​ឡើងវិញ​។ បច្ចុប្បន្ន ថៃ​នៅមាន​ករណី​ឆ្លង​កូ​វីដ ជាង ១​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​នៅឡើយ​ទេ​។​

​ការសម្រេច​ពន្យា​ពេល​បើក​វិស័យ​ទេសចរណ៍​ស្ថិតនៅក្នុង​ខេត្ត​ក្រុង​ចំនួន​៥ ដូចជា Bangkok, Chiang Mai, Chon Buri, Phetchaburi និង Prachuap Khiri Khan ។ ជាមួយគ្នានេះ TAT នឹង​តាមដាន​រាល់​សកម្មភាព មុនពេល​អនុញ្ញាត​ឲ្យ​ហោះហើរ​ឡើងវិញ​នៅ​ខែមករា​ឆ្នាំ ២០២២​។ នៅ​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​ថៃ​បានប្រកាសថា បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មីៗ​ចំនួន ១១,២៥២​ករណី​បន្ថែមទៀត ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។

ជាមួយគ្នានេះ​ក៏មាន​ងឺ​ចំនួន ១៤១​នាក់​បន្ថែមទៀត បាន​ស្លាប់​ផងដែរ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​ដូចគ្នា​។ ដោយឡែក​អ្នកជំងឺ​ចំនួន ១៣,៦៩៥​នាក់​ផ្សេងទៀត ទើបតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។​

​រហូតមកទល់​ពេលនេះ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស​ចំនួន ១,៥១១,៣៥៧​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ១៥,៧៥៣​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ ១,៣៦៦,៥៣៣​នាក់​។ គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ថៃ​បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 សរុប ៤៤.៧​លាន​ដូ​ស ក្នុងនោះ​ប្រជាជន ១៥.១​លាន​នាក់ (២១.៧% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close