កម្ពុជា ទទួលបានវ៉ាក់សាំង ៣លានដូសបន្ថែមទៀត កើនដល់ជាង៣៥លានដូសហើយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ កញ្ញា ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន៣លានដូសទៀត ធ្វើឲ្យកំណើនវ៉ាក់សាំងកូវីដដែលកម្ពុជាមានកើនដល់ ជាង៣០លានដូសហើយ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជាទទួលបាន នាព្រឹកមិញនេះ គឺជាប្រភេទស៊ីណូវ៉ាក់ ដែលបានបញ្ជាទិញពីភាគីចិន។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលដែលបានអញ្ជើញទៅទទួលវ៉ាក់សាំងផ្ទាល់ បានមានប្រសាសន៍ថា នៅថ្ងៃទី២៨ កញ្ញាខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន៣លានដូសទៀត។
លោកជំទាវបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ១៩ សរុបចំនួន៣៥លានដូស ៥សែនដូសហើយ តាមរយៈការបញ្ជាទិញផង និងជំនួយផង។ ក្រៅពីនេះ នៅខែតុលា ឆ្នាំ២០២១ខាងមុខ កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំងពីចិន ចំនួន៣លានដូសទៀត។
ក្រសួងសុខាភិបាល បានឲ្យដឹងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៦២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៧១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៦៤,១៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។