អង្គការ​WCS រកឃើញ​សម្បុក​សត្វ​ត្រដក់​តូច​ចំនួន ២​ហ្វូង

​នាពេល​ថ្មីៗ​កន្លងទៅនេះ ក្រុមការងារ​ស្រាវជ្រាវ​សត្វព្រៃ​នៃ​អង្គការ WCS បាន​រកឃើញ​សម្បុក​របស់​សត្វ​ត្រដក់​តូច​(Lesser adjutant)​ចំនួន​ពីរ​ហ្វូង ដែល​ហ្វូង​ទី​១​មាន​សម្បុក​ចំនួន ៥​សម្បុក និង​ហ្វូង​ទី​២​មាន ២​សម្បុក​។ ​ក្រុមការងារ​បានចាប់ផ្តើម​ស្វែងរក​សម្បុក​សត្វ​ត្រដក់​តូច កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ បន្ទាប់ពី​ក្រុម​ការពារ​សម្បុក​សហគម​ន៍ បាន​យាម​ការពារ​សម្បុក​សត្វ​ត្រយង​យក្ស​មួយ​សម្បុក រហូតដល់​កូន​ញាស់​ហើរ​ចេញ​ដោយ​សុវត្ថិភាព​កាលពី ពីរ​បី​សប្តាហ៍​កន្លងទៅ​។



រដូវ​ពង​កូន​របស់​សត្វ​ត្រដក់​តូច​ចាប់ផ្តើម​ពី​ខែកញ្ញា​ដល់​ខែវិច្ឆិកា​។ សត្វ​ត្រដក់​តូច ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ងាយ​រង​គ្រោះជា​សាកល​។ ​បច្ចុប្បន្ន ក្រុមការងារ​ស្រាវជ្រាវ​សត្វព្រៃ​នៃ​អង្គការ WCS បាន​ចាត់តាំង​ក្រុម​ការពារ​សម្បុក​សហគម​ន៍​ឱ្យ​យាម​ការពារ​សម្បុក​សត្វ​ត្រដក់​តូច​ទាំងអស់ ហើយ​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​កំពុង​ស្វែងរក​សម្បុក​សត្វ​ត្រដក់​តូច​បន្តទៀត​ដើម្បី​ការពារ​។​

​តាម​ការប៉ាន់ស្មាន ចំនួន​សត្វ​ត្រដក់​តូច​កំពុងតែ​ថយចុះ​យ៉ាងខ្លាំង​បណ្តាលមកពី​កត្តា​គំរាមកំហែង​ផ្សេងៗ ជាពិសេស​ដោយសារ​មានការ​លួច​ប្រមូលយក​ពង​និង​កូន​ត្រដក់​តូច​ពី​ហ្វូង​របស់​វា ការបាត់បង់​ទីជម្រក​សម្រាប់ធ្វើ​សម្បុក​ពង​កូន ការផ្លាស់ប្តូរ​និង​ការបាត់បង់​តំបន់ដីសើម និង​ការផ្លាស់ប្តូរ​ទៅរក​ការធ្វើ​កសិកម្ម​តាមបែប​ប្រពលវប្បកម្ម​។
​ត្រដក់​តូច​ក៏​ទទួលរង​ការគំរាមកំហែង​ផងដែរ​តាមរយៈ​សកម្មភាព​ដាក់​ថ្នាំ​បំពុល​ក្នុង​ទឹក​ដើម្បី​ចាប់​ត្រី​។

កាលពី​រដូវ​ពង​កូន​ឆ្នាំ ២០២០ ក្រុមការងារ​ស្រាវជ្រាវ​សត្វព្រៃ​បាន​រកឃើញ​សម្បុក​ត្រដក់​តូច​ចំនួន ៤​សម្បុក ក៏ប៉ុន្តែ​ពង​នៅក្នុង​សម្បុក​ទាំងអស់​មិនបាន​ញាស់​ទេ ដោយសារតែ​មានការ​រំខាន​ពី​មនុស្ស​។ ​ប្រទេស​កម្ពុជា​គឺជា​ទីជម្រក​មួយ​របស់​សត្វ​ត្រដក់​តូច​ដែល​នៅលើ​ពិភពលោក​មាន​ចំនួន​សរុប​ប្រហែល ៣.០០០​ក្បាល ហើយ​ចំនួន​នេះ​កំពុង​ថយចុះ ទោះបី​ជាមាន​វិធានការ​ទប់ស្កាត់​មិនឱ្យ​ចំនួន​នេះ​ថយចុះ​នៅក្នុង​តំបន់​មួយចំនួន​ក្តី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close