មន្ត្រីរាជការ កម្មករនិយោជិត នៅតែ​ទទួល​ការឈប់​សម្រាក​៣​ថ្ងៃ និង​អាច​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ចុង​ស​ប្តា​ស៍​នេះ បាន​ថ្លែង​បញ្ជាក់ថា ក្នុងឱកាស​ឈប់សម្រាក​៣​ថ្ងៃ មាននៅ​ក្នុង​អនុក្រឹត្យ ស្តីពី​ការឈប់​សម្រាក ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃទី​៥, ៦ និង​៧ ខែតុលា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​នៅតែ​បន្ត​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ កម្មករ កម្មការិនី និង​បុគ្គលិក​ក្រុមហ៊ុន បាន​ឈប់សម្រាក​ដូច​ធម្មតា បើទោះបី​រាជរដ្ឋាភិបាល សម្រេច​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក្តី​។​

​ការបញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​តាមរយៈ​សារ​សម្លេងបន្តទៀតថា ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​៣​ថ្ងៃ​ខាងមុខនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​អាច​ដើរ​កម្សាន្ត ទៅតាម​រមណីយដ្ឋាន​នានា ពិសេស​នៅតាម​រមណី​ដ្ឋា​ន​ធម្មជាតិ ប៉ុន្តែ​ត្រូវគោរព​នូវ​វិធាន​សុខាភិបាល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​ហាមឃាត់​ការឈប់​សម្រាក​៣​ថ្ងៃ របស់​មន្ត្រីរាជការ ក៏ដូចជា​កម្មករ កម្មការិនី បុគ្គលិក​នៅតាម​ក្រុមហ៊ុន ដែល​ត្រូវ​ទទួលបាន​ការអនុញ្ញាត ឲ្យ​ឈប់សម្រាក​ដោយមាន​ប្រាក់បៀវត្សរ៍​នោះទេ​។ បងប្អូន​អាចធ្វើ​ដំណើរ​ដើរលេង​កម្សាន្ត ទៅតាម​ទីកន្លែង​នានា ដោយមាន​វិធានការ​សុខាភិបាល​ទៅជា​មួយ នោះ​ក៏​ជា​វិធី​មួយ​ដើម្បី​បើកឱកាស ឲ្យ​បងប្អូន​បាន​សម្រាក នៅក្នុង​រយៈកាល​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​»​។​

​ជាមួយគ្នានេះ ក្នុងឱកាស​នៃ​ថ្ងៃ​ឈប់សម្រាក​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥, ៦ និង​ទី​៧ ខែតុលា ឆ្នាំ​២០២១ សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​កម្សាន្ត នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ដែលមាន​ការរៀបចំ​ដោយ​សហគមន៍​ទេសចរណ៍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់ នៅ​ទីតាំង​ទេសចរណ៍ធម្មជាតិ​រប​ស់​កម្ពុជា​។​

​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា នៅ​រយៈពេល​៣​សប្តាហ៍​ចុងក្រោយ​នេះ សន្ទុះ​នៃ​ការដើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ មានការ​កម្រើក​ឡើងវិញ ពិសេស​នៅតាម​តំបន់ឆ្នេរ និង​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ (​ទេសចរណ៍ធម្មជាតិ​)​។ តួលេខ​កត់ត្រា​ដោយ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា នៅ​រយៈពេល​៣​សប្តាហ៍​នៃ​ខែកញ្ញា​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ១៩៣, ៤៧៨​នាក់ ក្នុងនោះ​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៣០៧៨​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close