ទៅ​កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​ឲ្យ​ស្គាល់​ប្រទេស​ខ្លួនឯង​កាន់តែច្បាស់​

​ភ្នំពេញ​៖ តាមរយៈ​សារ​សម្លេង​ពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ទៅ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍ធម្មជាតិ នៅតាម​សហគមន៍ ដែល​រៀបចំ​បានល្អ ដើម្បី​ឲ្យ​បងប្អូន​អាច​«​ស្គាល់​ប្រទេស​ខ្លួនឯង​» និង​បាន​ស្គាល់​រមណីយដ្ឋាន​ធម្មជាតិ​របស់​កម្ពុជា​។

​ការជំរុញ​ទេសចរណ៍ធម្មជាតិ ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពង្រឹង​កិច្ចការពារ អភិរក្ស​ធនធានធម្មជាតិ និង​ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន តាមរយៈ​ការផ្តល់​ជម្រើស​ថ្មី មុខរបរ​ថ្មី បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ និង​កាត់ផ្តាច់​មុខរបរ​រប​ស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ពឹង​អាស្រ័យ​ទាំងស្រុង​លើ​ធម្មជាតិ​ពោល គឺ​កាត់ផ្តាច់​មុខរបរ​ចូល​ព្រៃ​កាប់​ឈើ និង​ចូល​ព្រៃ​បរបាញ់​សត្វ​ដូចពេលមុន​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ធម្មជាតិ​។ ក្រសួងបរិស្ថាន បាន​ចាត់ទុកថា នេះ​គឺជា​យន្តការ​ដែលមាន​ប្រសិទ្ធភាព និង​មាន​និរន្តរភាព​សម្រាប់​កិច្ចការពារ និង​អភិរក្ស​ធន​ធន​ធម្មជាតិ បន្ថែម​ពី​ការ​ការប្រកាន់​ខ្ជាប់​នូវ​ការអនុវត្ត​ច្បាប់ និង​ការបណ្តុះ​ស្មារតី​ស្រឡាញ់​មាតុភូមិ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ក្រសួងបរិស្ថាន បាន​នឹង​កំពុង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ដែលមាន​ផ្ទៃដី​ទំហំ ៧,៣ លាន​ហិកតា ស្មើ ៤១% នៃ​ផ្ទៃដី​ប្រទេស ដែល​ក្នុងនោះ​តំបន់ការពារធម្មជាតិ​មួយចំនួន​បាន​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ ចូលរួម​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន​សម្រាប់​ប្រជា​សហគមន៍​ដែល​រស់នៅក្នុង និង​ក្បែរ​តំបន់​ទាំងនោះ​។ បច្ចុប្បន្ននេះ រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​មួយចំនួន បាន​នឹង​កំពុងតែ​គ្រប់គ្រង​ដោយ​សហគមន៍​តំបន់ការពារធម្មជាតិ​។

​សហគមន៍​មូលដ្ឋាន បានទទួល​ប្រយោជន៍​ពី​ការកម្សាន្ត​តាម​តំបន់​ធម្មជាតិ តាមរយៈ​ចំណូល​ចាក់​ចូលក្នុង​សេដ្ឋកិច្ច​នេះ​បានមកពី​សេវាកម្ម​លក់​សំបុត្រ ជួល​ទូក​ជិះ​កម្សាន្ត សេវាកម្ម​ជូន​ភ្ញៀវ ដឹកជញ្ជូន ការ​ស្នាក់នៅ ការទិញ​វត្ថុ​អនុស្សា​រី​យ៍​។ នេះ មិន​គិតពី​ការចំណាយ​របស់​លើ​អាហារ និង​សម្ភារៈ​ផ្សេងទៀត​ដែល​ភ្ញៀវទេសចរ​បាន​ចំណាយ ដូចជា​ការទិញ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារ​ប្រើប្រាស់​ផ្សេងទៀត​សម្រាប់​ដំណើរ កម្សាន្ត និង​ការ​ស្នាក់នៅ​ក្នុងព្រៃ​។

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ធ្លាប់បាន​លើកឡើងថា ប្រជាពលរដ្ឋ​មាន​ជម្រើស​ថ្មី​នៅពេល​ប្រទេស​មានការ​រីកចម្រើន គឺ​ពី​ការចូល​ព្រៃ​ដើម្បី​តស៊ូ ប៉ុន្តែ​នៅ​សម័យ​តេ​ជោ សន្តិភាព ចូល​ព្រៃ គឺជា​ដំណើរ​កម្សាន្ត​បែប​ធម្មជាតិ ស្វែងយល់​ពី​ធម្មជាតិ និង​ដោយ​ចិត្ត​ស្រឡាញ់​ធម្មជាតិ​។ ជាក់ស្តែង ប្រជាពលរដ្ឋ​នៅតាម​តំបន់​ទេសចរណ៍ធម្មជាតិ​នានា ដូចជា​ខ្នង​ផ្សារ​នៅក្នុង​ខេត្តកំពង់ស្ពឺ តំបន់​បេ​តិក​ភ័ណ​ធម្មជាតិ​ភ្នំ​ត្បែង ក្នុង​ខេត្តព្រះវិហារ​ជាដើម ពួកគាត់​អាច​រកបាន​ប្រាក់​យ៉ាងហោច ១០​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ ឬ​ច្រើនជាង​នេះ ពី​ការផ្តល់សេវា​ជូន​ភ្ញៀវ ជួយ​យួរ​អីវ៉ាន់​ឡើងលើ​កំពូលភ្នំ​។ នេះ​គឺជា​ផ្នែក​មួយ​នៃ​ការទទួល​ចំណូល​របស់​ប្រជាពលរដ្ឋ​ពី​ទេសចរណ៍ធម្មជាតិ​។​

​ថ្ងៃ​ឈប់សម្រាក​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល ៣​ថ្ងៃ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​កម្សាន្ត​តាម​ទីកន្លែង​នានា ទោះបីជា​ផ្អាក​រៀបចំ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅតាម​វត្ត​អារាម​ក៏ដោយ តែ​ប្រជាពលរដ្ឋ​នឹង​អាច​ស្វែងយល់​ពី​តម្លៃ​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​ទៅ​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ក៏ដូចជា​នៅតាម​តំបន់ការពារធម្មជាតិ​នា​ន​នៅ​កម្ពុជា ដែល​កំពុង​បានការ​ពារ​នឹង​អភិរក្ស​បាន​យ៉ាង​ល្អ ពី​រាជរដ្ឋាភិបាល​កម្ពុជា​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close