ទឹកស្ទឹង​ក្រុង​ពោធិ៍សាត់ ចាប់ផ្តើម​ឡើង​បន្តិច តែ​ពុំទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​ទេ​!

​ពោធិ៍សាត់​៖ ស្ថានភាព​ទឹកស្ទឹង​ក្រុង​ពោធិ៍សាត់ បានចាប់ផ្តើម​ឡើង​បន្តិច ក៏ប៉ុន្តែ​ពុំទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​នៅឡើយ ពោលគឺ​កម្ពស់​ទឹក ៣.៧៥​ម៉ែត្រ ខណៈ​កម្ពស់​ប្រកាសអាសន្ន ៥​ម៉ែត្រ​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹង ពី​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។​

​លោក​ប្រធាន​មន្ទីរ​រូបនេះ បានឱ្យដឹង​ទៀតថា ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់ បច្ចុប្បន្ន​មាន​កម្ពស់ ៣.៧៥​ម៉ែត្រ (​កម្ពស់​ប្រកាសអាសន្ន ៥​ម៉ែត្រ​), ស្ទឹង​ក្រវាញ មាន​កម្ពស់ ២.៣៨ (​កម្ពស់​ប្រកាសអាសន្ន ៦​ម៉ែត្រ​) និង​ស្ទឹង​វាលវែង មាន​កម្ពស់ ២.១៧​ម៉ែត្រ (​កម្ពស់​ប្រកាសអាសន្ន ៩​ម៉ែត្រ​)​។ ចំពោះ​កម្ពស់​ទឹកភ្លៀង ២៤​ម៉ោង មាន​៣​លើ​៧​ក្រុង​ស្រុក​៖ ក្រុង​ពោធិ៍សាត់​១១​មី​លី​ម៉ែត្រ​, ស្រុក​បាកាន​១.៣​មី​លី​ម៉ែត្រ និង​ស្រុក​ក្រគរ ៥.៦​មី​លី​ម៉ែត្រ​។​

​លោក កែវ វ័យ បាន​បន្តថា យើង​ពុំទាន់​ដឹង​អំពី​ស្ថានភាព​ទឹកភ្លៀង នៅ​ផ្នែក​ខាងលើ នៅតែ​បន្ត​ភ្លៀង​យ៉ាងណា​នៅឡើយ តែបើ​យោងតាម​ស្ថានីយ៍​វាស់កម្ពស់​ទឹក នៅតាម​ដងស្ទឹង​នានា គឺ​នៅក្នុង​កម្រិត​ស្តួចស្តើង​នៅឡើយ​។

​តែ​ទោះជា​យ៉ាងណាក្តី ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ឯកឧត្តម​តែងតែ​ទទួល​ជ្រាប​ព័ត៌មាន និង​ដាក់​ផែនការ​ត្រៀម​រួចជាស្រេច នូវ​មធ្យោបាយ​សរុប និង​កម្លាំង​សរុប ដើម្បី​គ្រប់គ្រង​ស្ថាន​ការ ក្នុង​គ្រា​ប្រកាសអាសន្ន​កើតឡើង និយាយ​ជារួម ដូច​ឆ្នាំ​២០២០​កន្លងទៅ​យ៉ាង​ដូច្នេះ​ឯង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close