ពលរដ្ឋមតិ ៖ ក្រុមហ៊ុន ជឹង សុភាព ហៅយាយភូ លុបឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ធ្វើឱ្យលោក យន្ត មីន អស់ដំណែងដែរឬទេ ?
បញ្ហាដ៏ក្តៅគគុក រហូតមានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីការលុបឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ពីសំណាក់ក្រុមហ៊ុនជឹង សុភាព ហៅយាយភូ ភរិយាលោកឧកញ៉ា ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាជនកម្ពុជា នៅតែមានការជជែកគ្នា គ្រប់ទីកន្លែង ជាពិសេសពលរដ្ឋក្នុងខេត្តព្រះសីហនុ តែម្ដង ។
មជ្ឈដ្ឋានជាច្រើន រង់ចាំទាំងអន្ទះសា ចង់ដឹងថា តើបុគ្គល មន្ត្រី ឬ ក្រុមហ៊ុនណាខ្លះ ជាប់ពាក់ព័ន្ធនឹងការរំលោភចូលឆ្នេរសមុទ្រ ខេត្តព្រះសីហនុ នេះ ។
ប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ ចោទប្រកាន់ចំៗថា លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ គឺ ជាអ្នកទទួលខុសត្រូវធំបំផុត ចំពោះសកម្មភាពរំលោភឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ។
ក្រៅពីនោះ មន្ត្រីពាក់ព័ន្ធទាំងអស់ និង ក្រុមហ៊ុនជឹង សុភាព ហៅយាយភូ ជាភរិយាលោកឧកញ៉ា ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភា ផង ប្រសិនបើរកឃើញថា មានការពាក់ព័ន្ធនឹងការរំលោភឆ្នេរសមុទ្រ នេះ ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ។
មជ្ឈដ្ឋានជាច្រើន រួមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ផង ចង់ឃើញកណ្តាប់ដៃដែករបស់លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ វែកមុខអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចាត់ការតាមច្បាប់ ចំពោះការរំលោភបំពានឆ្នេរសមុទ្រ ដ៏សំខាន់របស់ជាតិមួយនេះ ។
មតិពលរដ្ឋនៅខេត្តព្រះសីហនុ លើកឡើងថា បញ្ហាលុបឆ្នេរសមុទ្រ ខេត្តព្រះសីហនុ នេះ តើនឹងធ្វើឱ្យលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ អស់ដំណែងដែរឬទេ ?
ទោះបីយ៉ាងណា រហូតមកទល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅពុំទាន់បង្ហាញលទ្ធផលនៃការចុះត្រួតពិនិត្យ ករណីរំលោភឆ្នេរសមុទ្រ ខេត្តព្រះសីហនុ នៅឡើយទេ ។
មាត្រា២៥៩នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ចែងថា “ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៥លានរៀលទៅ៥០លានរៀល ។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ ចុះផ្ទាល់ ដើម្បីត្រួតពិនិត្យសកម្មភាពរំលោភឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ។
សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា , លោក ជា សុផារ៉ា ចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែងត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
មន្ត្រី បញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ គឺ ដើម្បីកាយយកដីដែលបានចាក់បំពេញចេញវិញ និង រក្សាឆ្នេរធម្មជាតិដូចដើម ។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សូមអំពាវនាវដល់ម្ចាស់ដីនៅតាមបណ្តោយឆ្នេរសមុទ្រ ជ្រាប និង ចៀសវាង សកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រតទៅទៀត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។