រដ្ឋបាលខេត្តសៀមរាប ផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋជិត ៣ពាន់គ្រួសារ ស្ថិតក្នុងតំបន់ក្រហម គិតត្រឹមថ្ងៃម្សិលមិញ!
ខេត្តសៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសាលាខេត្តសៀមរាប បានរៀបចំយុទ្ធនាការផ្គត់ផ្គង់ស្បៀង អាហារដល់ប្រជាពលរដ្ឋជួបការខ្វះខាត ដោយគិតមកត្រឹមនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ សង្កាត់ ដែលកំណត់ជាតំបន់ក្រហម បានចំនួនសរុប ២.៦៧៨គ្រួសារ ដោយមិនប្រកាន់ពី និន្នាការនយោបាយអ្វីនោះឡើយ។
លោក ស៊ុន ចំណាន ក្រុមការងាររៀបចំផ្គត់ផ្គង់ស្បៀងអាហារ នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោមកិច្ចយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានរៀបចំក្រុមការងារផ្គត់ផ្គង់ស្បៀងអាហារ ដោយសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និង មន្ត្រីរាជការសាលាខេត្ត ព្រមទាំងបងប្អូនសមាគមម៉ូតូកង់បី បានស្ម័គ្រចិត្ត ក្នុងការដឹកជញ្ជូនស្បៀងយកទៅចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងភូមិសាស្ត្រតំបន់ក្រហម ខណៈដែលរដ្ឋបាលខេត្តជាអ្នកផ្គត់ផ្គង់ប្រេង ហើយបងប្អូនអ្នកដឹកជញ្ជូនស្បៀងនេះ ក្នុងរយៈពេល១សប្តាហ៍ត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ម្ដង ដើម្បីជៀសវាងកុំឲ្យនាំមេរោគកូវីដ-១៩ចូលក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ។
លោក អ៊ុន ពាន់ អ្នកស្ម័គ្រចិត្តដឹកជញ្ជូនដោយម៉ូតូរឺម៉ក់កង់បី បានបញ្ជាក់ថា ចាប់ពីរដ្ឋបាលខេត្តសម្រេចកំណត់ជាតំបន់ក្រហមមក ក្រុមរឺម៉ក់ម៉ូតូកង់បីរបស់ពួកគាត់ បានបម្រើសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ និង ចូលរួមចុះចែកអំណោយជូនបងប្អូនខ្វះខាតនៅតាមលំនៅដ្ឋាន ក្នុងភូមិសាស្ត្របិទខ្ទប់ តំបន់ក្រហម ដោយមិនបានប្រកាន់ពីនិន្នាការនយោបាយអ្វើនោះឡើយ ឲ្យតែបងប្អូនជួបការខ្វះខាត ក្រុមការងារយើងបានផ្តល់ជូនទាំងអស់ ទោះបីមិនមានប័ណ្ណ ក្រ១,ក្រ២ក៏ដោយ ឃើញភាពខ្វះខាតគឺផ្តល់ជូនតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។