ឆ្នាំក្រោយ ប្រាក់ឈ្នួលកម្មករនឹងឡើងដល់ ១៩៤ដុល្លារ
យោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រោយពីកិច្ចប្រជុំចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ភាគីពាក់ព័ន្ធដែលមានតំណាងកម្មករ, តំណាងនិយោជក និងតំណាងរាជរដ្ឋាភិបាល បានសម្រេចបោះឆ្នោតកំណត់តួលេខប្រាក់ឈ្នួលអប្បបរមារបស់កម្មករចំនួន ១៩៤ដុល្លារសម្រាប់ឆ្នាំ២០២២ខាងមុខ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានប្រជុំលើកចុងក្រោយ ដើម្បីបោះឆ្នោតកំណត់តួលេខដំឡើងប្រាក់ឈ្នួល លើតួលេខ៣ដែលស្នើដោយភាគីពាក់ព័ន្ធ មានដូចជា ១៨៨ដុល្លារ, ២០៤ដុល្លារ និង១៩២ដុល្លារ ដោយក្នុងនោះតួលេខប្រាក់ឈ្នួល ១៩២ដុល្លារ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ គឺ៤៥សំឡេង លើ៥១សំឡេង។
បើតាមក្រសួងការងារថា ទោះស្ថិតនៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចនិងសង្គម ជាពិសេសទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារ អាម៉េរិក។ ដូច្នេះចាប់ ពីថ្ងៃ ទី១ ខែមករា ឆ្នាំ២០២២ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ (មួយរយកៅសិបបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិត សាកល្បង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។