ខេត្តសៀមរាប រឹតបន្តឹងការអនុវត្តវិធានការច្បាប់ នៅតំបន់ក្រហម

បើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបថា អាជ្ញាធរ​នឹងធ្វើការរឹតបន្តឹងបន្ថែមលើវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ក្នុងក្រុងសៀមរាបនេះ ដោយមានកម្លាំងប្រតិបត្តិការកំពុងធ្វើសកម្មភាពយាមល្បាតយ៉ាងតឹងរ៉ឹង នៅលើទីតាំងគោលដៅជាង១០០គោលដៅ។

ក្នុងនោះ​ក៏​មានការបន្ថែមមធ្យោបាយល្បាតចល័តយ៉ាងតឹងរ៉ឹង ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយម៉ូតូជាង៩០គ្រឿង និងរថយន្តចំនួន ៥គ្រឿងបន្ថែមទៀត ព្រមទាំង សម្ភារឧបករណ៍ឃាត់ស្ទាក់មួយចំនួនទៀតផងដែរ។ ទាំងនេះ គឺជាយន្តការរឹតបន្តឹងចាំបាច់ នៅក្នុងតំបន់ក្រហមនិងតំបន់លឿងទុំ លើមូលដ្ឋានសង្កាត់ទាំង១២នៃក្រុងសៀមរាប ដើម្បីកាត់បន្ថយហានិភ័យ និងឈានទៅកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

បើតាមលោកស្នងការ ការរឹតបន្តឹងនេះ ត្រូវបានដាក់ចេញនៅចុងសប្តាហ៍ទី២ ខណៈរដ្ឋបាលខេត្ត បានបន្តកំណត់សង្កាត់ចំនួន ៤ នៃក្រុងសៀមរាប ស្ថិតក្នុងតំបន់ក្រហម និងបានដកភូមិមួយចំនួនចេញពីតំបន់ក្រហម មកជាតំបន់លឿងទុំបណ្ដោះអាសន្នវិញ។

គួររំលឹកដែរថា ក្នុងសប្តាហ៍ទី១កន្លងទៅ វិធានរដ្ឋបាលដែលត្រូវបានអនុវត្ត គឺត្រឹមតែការឃាត់ទុកមធ្យោបាយធ្វើដំណើរដែលបានធ្វើចរាចរណ៍ល្មើសបំរាម និងមានការផាកពិន័យជាប្រាក់តែប៉ុណ្ណោះ មិនមានការឃាត់ខ្លួនម្ចាស់យានយន្តទាំងនោះទេ ក៏ប៉ុន្តែការរឹតបន្តឹងនៅពេលនេះ នឹងធ្វើការឃាត់ខ្លួនម្ចាស់យានយន្តល្មើសបំរាម និងអាចឈានទៅទទួលទោសទណ្ឌតាមច្បាប់ដែលបានកំណត់ដោយរាជរដ្ឋាភិបាលផងដែរ។

លោកស្នងការបានបញ្ជាក់ថា ការចេញបទបញ្ជារឹតបន្តឹងបន្ថែមនេះ គឺយោងតាមការពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ក្នុងក្រុងសៀមរាប ពុំបានអនុវត្តត្រឹមត្រូវតាមសេចក្ដីណែនាំរបស់អាជ្ញាធរ ដែលជាវិធានការរដ្ឋបាល បិទខ្ទប់តំបន់ក្រហមនិងតំបន់លឿងទុំ ពិសេសគឺការបំពានបំរាមចេញពីលំនៅដ្ឋានជាដើម ដែលបានបង្កឱ្យការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ពុំមានប្រសិទ្ធភាពឆ្លើយតបទៅតាមផែនការ ដែលគ្រោងនឹងបន្តដកភូមិមួយចំនួនទៀត ចេញពីតំបន់ក្រហមនោះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close