ឃាត់ខ្លួនជនជាតិចិន ចំនួន៤នាក់ និងអ្នកនាំផ្លូវម្នាក់ ក្រោយប្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ ដែលបម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ នៅត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នជនជាតិចិន ចំនួន ៤នាក់ និងអ្នកនាំផ្លូវ ក្រោយពីបានសួរនាំរួច ក៏បានប្រគល់ឲ្យស្នាក់ការកងរាជអាវុធហត្ថ ចាក់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។