ស្រុកចំនួន៥ ក្នុងខេត្តសៀមរាប កំពុងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង!
ខេត្តសៀមរាប៖ តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថានភាពនៃជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ឃុំមួយចំនួន នៃស្រុកចំនួន៥ រួមមាន៖
១. ស្រុកក្រឡាញ់ ប៉ះពាល់ដល់ឃុំចំនួន៣ រួមមាន ៖ ឃុំតាអាន លិចផ្លូវប្រវែង៣.៨០០ម៉ែត្រ . លិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន១៥៤ខ្នងផ្ទះ . លិចបរិវេណសាលារៀនចំនួន៤កន្លែង , ឃុំស្នួល លិចផ្លូវគ្រួសក្រហមប្រវែង២០ម៉ែត្រ និង ឃុំរោងគោ លិចផ្លូវគ្រួសក្រហមប្រវែង១០ម៉ែត្រ ។
២. ស្រុកពួក ប៉ះពាល់ដល់ឃុំចំនួន១ គឺឃុំត្រីញ័រ លិចផ្លូវប្រវែង៥.៨៥០ម៉ែត្រ និង ប៉ះពាល់ដល់ស្រូវកណ្ដាលចំនួន១០០ហិកតា ស្មើនឹង១៤៥គ្រួសារ ។
៣. ស្រុកវ៉ារិន ប៉ះពាល់ដល់ឃុំចំនួន១ គឺឃុំស្រែណូយ លិចផ្លូវប្រវែង៥០ម៉ែត្រ . ដាច់ផ្លូវប្រវែង២០ម៉ែត្រ និង លិចទំនប់បង្ហៀរចំនួន២កន្លែង ប្រវែង៧០ម៉ែត្រ ។
៤. ស្រុកស្រីស្នំ ប៉ះពាល់ដល់ឃុំចំនួន៣ រួមមាន ៖ ឃុំត្រាំសសរ លិចប្រឡាយរង៤ខ្សែប្រវែង៨០០ម៉ែត្រ . លិចផ្លូវគ្រួសក្រហមមួយខ្សែប្រវែង១២០ម៉ែត្រ . ទឹកហូរច្រោះផ្លូវប្រវែង៥០ម៉ែត្រ . ប៉ះពាល់ដំឡូងមីប្រជាពលរដ្ឋចំនួន១១គ្រួសារ ស្មើនឹង ៨ហិកតា , ឃុំប្រីយ៍ ទឹកហូរច្រោះខ្នងប្រឡាយរងទី៤ ចំនួន២៣កន្លែង ស្មើនឹងប្រវែង៨៥ម៉ែត្រ . ប៉ះពាល់ដំឡូងមីប្រជាពលរដ្ឋចំនួន១០៥គ្រួសារ ស្មើនឹង ៣៥ហិកតា និង ឃុំមោង ប៉ះពាល់ដំឡូងមីប្រជាពលរដ្ឋចំនួន១៧៤គ្រួសារ ស្មើនឹង ៩០ហិកតា ។
៥. ស្រុកអង្គរជុំ ប៉ះពាល់ដល់ឃុំចំនួន១ គឺឃុំនគរភាស ទឹកលិចផ្លូវចំនួន២កន្លែងប្រវែង១០០ម៉ែត្រ និង ខូចខាតផ្លូវប្រវែង២០ម៉ែត្រ ។
របាយការណ៍បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះទឹកជំនន់បានស្រកវិញជាបណ្ដើរៗហើយ ហើយប្រសិនបើគ្មានភ្លៀងធ្លាក់បន្ត ឬក៏ទឹកជំនន់ធ្លាក់មកពីតំបន់ប៉ែកខាងលើនោះទេ ទឹកជំនន់នេះនឹងបន្តស្រករហូតដល់ស្ថានភាពធម្មតាវិញ ខណៈពេលនេះ ទាំងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក និង ឃុំ បានចុះពិនិត្យដោះស្រាយផលប៉ះពាល់ និង ធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពដលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារពីគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលដែលកំពុងមានទឹកជំនន់នេះ ពិសេសកំពុងត្រៀមបម្រុងសម្រាប់ជួយសង្គ្រោះក្នុងករណីមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។