អង្គការសហប្រជាជាតិ ព្រួយបារម្ភពីស្ថានភាព រស់នៅរបស់ជនភៀសខ្លួនស៊ីរី នៅលីបង់
បរទេស៖ អង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ពាក់ព័ន្ធនឹងបញ្ហាបាត់បង់សមត្ថភាពក្នុងការរស់នៅ និងលក្ខខណ្ឌរស់នៅដ៏សមរម្យរបស់ជនភៀសខ្លួនស៊ីរីនៅក្នុងប្រទេសលីបង់ ដែលកំពុងតែបន្តនៅឡើយ។
ទាំងគណៈកម្មការគ្រប់គ្រងជនភៀសខ្លួន (UNHCR) ទាំងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) ផងដែរ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា ជនភៀសខ្លួនស៊ីរីទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសលីបង់នៅពេលនេះ គឺមិនអាចសូម្បីទទួលបានសំភារៈ និងសេវាកម្មជាមូលដ្ឋាន ដែលអាចអនុញ្ញាតិអោយពួកគេរស់រានមានជីវិតបានឡើយ។
សេចក្តីថ្លែងការណ៍នេះបានកត់សម្គាល់ថា កុមារជនភៀសខ្លួនស៊ីរីកំពុងប្រឈមមុខនឹងវិបត្តិ ដែលការចូលរៀនថ្នាក់បឋមសិក្សារបស់កុមារមានអាយុពី ៦ ទៅ ១៤ ឆ្នាំធ្លាក់ចុះ ២៥ ភាគរយនៅឆ្នាំ ២០២១។ លើសពីនេះ និន្នាការកើនឡើងនៃពលកម្មកុមារ ក្នុងចំណោមកុមារស៊ីរីបានបន្តនៅឆ្នាំ ២០២១ ដោយមានកុមារជនភៀសខ្លួនស៊ីរីយ៉ាងតិច២ម៉ឺន៧ពាន់៨២៥នាក់បច្ចុប្បន្នកំពុងបម្រើការងារ។
យ៉ាងណាមិញ ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិទាំងបីខាងលើនេះ ក៏បានបញ្ជាក់ដែរថា នឹងបន្តធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល និងដៃគូសហការទាំងឡាយ ដើម្បីអាចផ្តល់ការគាំទ្រ ដែលត្រូវការចាំបាច់ដល់សហគមន៍ងាយរងគ្រោះទាំងអស់នោះ រួមទាំងជនជាតិលីបង់ផង និងជនភៀសខ្លួនស៊ីរីផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។