រដ្ឋបាលខេត្ត​ព្រះសីហនុ បើក​ការស៊ើបអង្កេត​ជុំវិញ​ករណី​កាស៊ីណូ ដឹ​សេន​ជូ​រី បង្ខាំង​បុគ្គលិក​ជាង ៤០០​នាក់

ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ប្រកាសថា ចំពោះ​ការ​លើកឡើងថា កាស៊ីណូ ដឹ​សេន​ជូ​រី បង្ខាំង បុគ្គលិក​ជាង ៤០០​នាក់ ដោយ​គ្មាន​ការព្រមព្រៀង រដ្ឋបាលខេត្ត នឹងធ្វើ​ការស៊ើបអង្កេត​ឱ្យបាន​លម្អិត​បំផុត ករណី​រកឃើញ​មាន​ប្រព្រឹត្ត​បទល្មើស នោះ​រដ្ឋបាលខេត្ត នឹង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅ​ក្នុងករណី​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​សង្គម និង​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​កាស៊ីណូ ដឹ​សេន​ជូ​រី និង​អគារ ស្នាក់នៅ​បុគ្គលិក ដឹ​សេន​ជូ​រី ក្នុងករណី បង្ខាំង​បុគ្គលិក​ជាង ៤០០ នាក់ ជិត​ពីរ​ឆ្នាំ និង​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ រហូត​ទៅដល់​ស្លាប់​នារី​ម្នាក់ ថា​អាជ្ញាធរ​សមត្ថកិច្ច ពាក់ព័ន្ធ​មិនមាន​ការ ជួយ​អន្តរាគមន៍​ជុំវិញ​បញ្ហា​ទីតាំង​ខាងលើនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាបជូន​សារ​ធាណ​ជន​ឲ្យ​បាន​ជ្រាបថា​៖ កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១​កន្លងមក ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​វត្ថុ​សំណាក​ពី​បុគ្គលិក​បម្រើការ​នៅកាស៊ី​ណូ សេន​ជូ​រី និង​​អគារ​ស្នាក់នៅ​បុគ្គលិក​កាស៊ីណូ ដឹ​សេន​ជូ​រី ស្ថិតនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​លទ្ធផល​គឺ​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ជាច្រើន​នាក់​។

​ដោយ​ពិនិត្យឃើញថា​ទីតាំង​នោះ អគារ​ធំ​ទូលាយ និង​មាន​កន្លែង​ស្នាក់នៅ​សមរម្យ រដ្ឋបាលខេត្ត បានសម្រេច​ដាក់​កាស៊ីណូ ដឹ​សេន​ជូ​រី និង​អគារ​ស្នាក់នៅ​បុគ្គលិក​កាស៊ីណូ ដឹ​សេន​ជូ​រី ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ និង​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​ចំពោះ​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២​លើក​។ ជាមួយគ្នា​នោះ រដ្ឋបាលខេត្ត​ក៏បានផ្តល់​ជម្រើស​សម្រាប់​អ្នកជំងឺ ថា​តើ​ចង់ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​ស្នាក់នៅ​ព្យាបាល​ក្នុង​ទីតាំង​ខាងលើ​ផងដែរ​។​

​រដ្ឋបាលខេត្ត​សូមបញ្ជាក់ថា ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ស្នាក់នៅ​ព្យាបាល​នៅ​ទីតាំង​ខាងលើ គឺ​ត្រូវបាន​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ចុះ​ត្រួតពិនិត្យ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ និង​តាមដាន​សុខភាព​អ្នកជំងឺ​ជាប្រចាំ ព្រមទាំង​បាន​បង្កើត​គ្រប​តេ​ឡេ​ក្រាម (​ទប់ស្កាត់ COVID9) ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទំនាក់ទំនងរ​វាង​អ្នកជំងឺ និង​ក្រុមគ្រូពេទ្យ​។ ចំពោះ​អាហារ​ហូបចុក​គឺ​បាន​ផ្តល់ជូន​៤​ពេល​ក្នុង​មួយថ្ងៃ​ពី​ម្ចាស់​កាស៊ីណូ​របស់ខ្លួន​ផងដែរ​។​ ​ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ក៏បាន​ចុះទៅពិនិត្យ​សុខភាព​អ្នកជំងឺ​ទាំងអស់ ឃើញថា​មិនមាន​បញ្ហា​អ្វី​គួរកត់សម្គាល់​នោះទេ និង​បានផ្តល់​ថ្នាំ​សម្រាប់​រយៈពេល​០៣​ថ្ងៃ ដោយបាន​​ណែនាំ​បន្ថែ​មករ​ជាមាន​អាការ​មិន​ស្រួលខ្លួន​សូម​ទំនាក់ទំនង​មក​ក្រុមគ្រូពេទ្យ​ភ្លាម​។​

​ដោយឡែក​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ ម៉ោង​ប្រមាណ​០៩ និង​២១​នាទី មាន​អ្នក​ផ្ញើ​សារ​ចូលក្នុង​គ្រុប​​តេ​ឡេ​ក្រាម (​ទប់ស្កាត់ COVID19) ដោយបាន​ប្រាប់ថា​មាន​អ្នកជំងឺ​ម្នាក់​ឈ្មោះ ហៀន ស្រី​និ​ច ភេទ​ស្រី អាយុ​២៨​ឆ្នាំមាន​អាការ​កួត ពេលនោះ​ក្រុមគ្រូពេទ្យ​ក៏​បានមក​ពិនិត្យ និង​ផ្តល់​ថ្នាំ​ជូន ព្រមទាំង​ទំនាក់ទំនង​សួរនាំ ដើម្បី​តាមដាន​អាការ​ជំងឺ​របស់គាត់​។ លុះដល់​ម៉ោង​០៦​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ អ្នកជំងឺ​ដែលមាន​អា​ការមិន​ធូរស្រាល និង​បាត់បង់​ជាតិ​ទឹកជា​ច្រើន ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ​បាន​ជាង​កន្លះ​ម៉ោង​ក៏បាន​ស្លាប់បាត់​បង់ជីវិត​តែម្តង បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមគ្រូពេទ្យ​ជំនាញ​គឺ​ដោយសារ​គាត់​ពុល​អាហារ កួត​) និង​បាត់បង់​ជាតិ​ទឹក​ច្រើនពេក​។​

​រហូតមកដល់​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល មាន​អា​ខោ​ន​ហ្វេ​ស​បុក​ឈ្មោះ​Doung Chan Sreypov បានធ្វើការ Live ផ្ទាល់​ដោយមាន​គ្នា​ចំនួន​០៥​នាក់ បាន​ចោទប្រកាន់​មកលើ​អាជ្ញាធរខេត្ត​ថា​ពួកខ្លួន​បានធ្វើ​តេស្ត​មាន​វិជ្ជមាន​កូ​វីដ​-១៩ តែ​មិន​ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល​ឡើយ ដែល​ផ្ទុយស្រឡះ​ពី​ការពិត​ជាក់ស្តែង គឺ​ពួកគាត់​ទាំងអស់គ្នា​ត្រូវបាន​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ នៅ​ទីតាំង​អាគារ​ធ្វើការ​របស់គាត់ ដែល​ត្រូវបាន​រដ្ឋបាលខេត្ត​កំណត់​ជាទី​តាំង​សម្រាប់​ព្យាបាល​ជំងឺ​កូដ​-១៩​។

រហូតមកដល់​ម៉ោង​០៤​រសៀល​ថ្ងៃ​ដដែល អាជ្ញាធរខេត្ត និង​ក្រុមគ្រូពេទ្យ បាន​ទៅ​អញ្ជើញ​ពួកគាត់​ដើម្បី​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​ពួកគាត់​មិន​ចុះ​ពីលើ​អាគារ​នោះទេ រហូតដល់​ម៉ោង​០៧ និង​២៧​នា​ទីប​គាត់​ចុះ​មកជួប​ក្រុមការងារ ហើយ​បាន​បដិសេធ​មិន​ព្រមទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះទេ គឺ​សុំ​ស្នាក់នៅ និង​ព្យាបាល​នៅ​ទីតាំង​អាសយដ្ឋានៈ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ កន្លែងធ្វើការ​របស់គាត់​ដដែល ហើយ​បាន​សន្យាថា​នឹងធ្វើ​ការ Live ផ្ទាល់ ដើម្បី​បកស្រាយ​អំពី​ការយល់ច្រឡំ​របស់​ពួកគាត់​មកលើ​ក្រុមគ្រូពេទ្យ និង​អាជ្ញាធរ​របស់​យើង​វិញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close