៩​ខែ ឆ្នាំនេះ​! កម្ពុជា នាំចេញ​កសិផល​មាន​បរិមាណ​សរុប​ជិត ៦​លាន​តោន ទៅកាន់​ទិសដៅ ៦៨​ប្រទេស កើនឡើង​ជាង ៨៨%

​ភ្នំពេញ​៖ បើតាម​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២១​នេះ មាន​បរិមាណ​សរុប ៥ ៩៣២ ៩២៣,៤៣​តោន ទៅកាន់​ទិសដៅ ៦៨​ប្រទេស គឺមាន​ការកើនឡើង​ចំនួន ២ ៧៨៥ ២៣១,៥៧​តោន ស្មើនឹង ៨៨,៤៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២០​។

​កសិផល​សំខាន់ៗ ដែល​កម្ពុជា​បាន​នាំចេញ រួមមាន​៖ អង្ករ ស្រូវ ចំណិត​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ ម្ស៉ៅ​ដំឡូង​មី កាកសំណល់​ដំឡូង​មី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់​សណ្តែកបាយ គ្រាប់​សណ្តែកសៀង ផ្លែ​ចេក​ស្រស់ ផ្លែ​ក្រូចថ្លុង ផ្លែស្វាយ​ស្រស់ ដំណាប់​ស្វាយ ទឹក​ស៊ី​រ៉ូ​ស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែ​ចម្រុះ ម្ទេស​ស្រស់ ម្ទេស​ក្រៀម និង​ផលិតផល​ចំនួន ៧៤​មុខ​ផ្សេងទៀត​។​

​ចំពោះ​តម្លៃ​នៃ​ការនាំចេញ​កសិផល​
​ការប៉ាន់ស្មាន​តម្លៃ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២១ មាន​ចំនួន ៣ ៤៨៩ ៧៧៦ ៩៩៩,០៥​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​៖
-​ការនាំចេញ​អង្ករ​មាន​ចំនួន ៣៤៩ ៩១៤ ៦៩៦ ដុល្លារ​អាមេរិក
-​ការនាំចេញ​ស្រូវ​មាន​ចំនួន ៤២៨ ៩៥៤ ៧១០ ដុល្លារ​អាមេរិក
-​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ២ ៧១០ ៩០៧ ៥៩៣,០៥ ដុល្លារ​អាមេរិក​។

​រីឯ​ការនាំចេញ​កសិផល​សរុប ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២១ មាន​កំណើន​ចំនួន ៨៨,៤៨% ក្នុងនោះ​កសិផល ក្រៅពី​អង្ករ​មានការ​កើនឡើង​ចំនួន ១០៧,៦៩% រីឯ​ការនាំចេញ​អង្ករ​មានការ​ថយចុះ​ចំនួន -១៥,៩៧% ដោយសារ កម្ពុជា​ជួប​បញ្ហា​ប្រឈម​នឹង​កង្វះ​ប្រភេទ​ទូរ​កុង​តេ​ន័​រ​ដែលមាន​ទំហំ​២០​ហ្វិ​ត​សម្រាប់​ផ្ទុក​អង្ករ និង​តម្លៃ​ដឹកជញ្ជូន​កើនឡើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close