ហាងខារ៉ាអូខេបើកល្មើសវិធានការរដ្ឋបាល សមត្ថកិច្ចចុះបិទឃាត់ខ្លួនមនុស្ស២១នាក់
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងថា នៅវេលាម៉ោង ០០:៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៣.១០.២០២១ កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី កម្លាំងស្នងការដ្ឋាននគរបាលខេត្ត សាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន០១ន្លែង(យីហោ អាហារដ្ឋាន និងខេ.ធី.វី ពេញចិត្ត) ដែលបើកដំណើរការអាជីវកម្មល្មេីសវិធានរដ្ឋបាល ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់មនុស្សចំនួន២១នាក់(នារី០៧នាក់) មកអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធី។
សូមបញ្ជាក់ថា នៅពេលវិធានការរដ្ឋបាលត្រូវដាក់ឱ្យអនុវត្ត ការជួបជុំប្រមូលផ្តុំ ការធ្វើដំណើរ ត្រូវបានរឹតត្បិត ចំណែកសកម្មភាពអាជីវកម្ម សេវាកម្មកម្សាន្ត ដូចជា ខារ៉ាអូខេ ត្រូវបានហាមឃាត់។ ចំពោះបុគ្គលល្មើស នឹងត្រូវទទួលរងការផាកពិន័យ ឬបញ្ជូនទៅតុលាការ។
យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការរដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លាន ទៅ៥លានរៀល។ បើអំពើនោះបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ ហើយបើអំពើនោះបានបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈពិន័យជាប្រាក់ពី២លានទៅ១០លានរៀល ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។