កម្ពុជា បន្ត​ធ្លាក់ភ្លៀង​កម្រិត​ពី​តិច​ទៅ​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់​, ចាប់ពី​ថ្ងៃទី​១៣-១៩ ខែតុលា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៣-១៩ ខែតុលា ឆ្នាំ​២០២១​។​

​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា ក្រោយពី​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​១២ ខែតុលា ព្យុះ​កុំ​ប៉ា​ស៊ូ (KOMPASU) លើក​ទី​១៨ បាន​កំពុង​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​មាន​ទិសដៅ​ឆ្ពោះ​មក​លិច​។ តែ​នៅ​ថ្ងៃទី​១៣-១៤ ព្យុះ​កុំ​ប៉ា​ស៊ូ នឹង​ចូលមក​កោះ​ហាយ​ណាំ បន្ទាប់មក​ចូល​ខេត្ត​វិញ​ប្រទេស​វៀតណាម និង​ចុងក្រោយ​ថយឥទ្ធិពល​ជា​វិ​សម្ពាធ​មកលើ​ប្រទេស​ឡាវ​។​

​ដោយឡែក​ក្នុង​សប្តាហ៍​ខាងមុខនេះ កម្ពុជា​នឹង​ទទួល​នូវ​បណ្តា​ឥទ្ធិពល​មាន​៖

* នៅ​ថ្ងៃទី​១៣-១៤ ខែតុលា ឥទ្ធិពល​ពី​ជ្រលង​នៃ​ព្យុះ KOMPASU 2118 ក្នុង​កម្រិត​មធ្យម​។​
* នៅ​ថ្ងៃទី​១៥-១៧ ខែតុលា ឥទ្ធិពល​មូសុង​និរតី​ខ្លាំង និង​ប្រព័ន្ធ​សម្ពាធ​ទាប​ភ្ជាប់​ជាមួយ​វិ​សម្ពាធ ដែល​ស្ថិតក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
* នៅ​ថ្ងៃទី​១៨ -១៩ ខែតុលា ទ្រនុង​សម្ពាធ​ខ្ពស់​ចិន​នឹង​រំកិល​ចុះមក​ក្រោម មកដល់​ភាគ​ខាងជើង​នៃ​កម្ពុជា​យើង​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖
១៖​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
* អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​
* តែ​នៅ​ថ្ងៃទី​១៣-១៤ ខែតុលា នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បង្គរ និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​ល្បឿន​មធ្យម​មាន​ជាអាទិ៍​ខេត្ត​៖ ប៉ៃលិន​, ពោធិ៍សាត់​, កំពង់ឆ្នាំង​, កំពង់ស្ពឺ​, កណ្តាល​, តាកែវ​, ព្រៃវែង និង​រាជធានី​ភ្នំពេញ​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
* អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C
* អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​។ តែ​នៅ​ថ្ងៃទី​១៣-១៥ ខែតុលា អាចមាន​ភ្លៀង​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​ល្បឿនខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ មាន​ជាអាទិ៍​ខេត្ត​៖ កោះកុង​, ព្រះសីហនុ​, កំពត​, កែប​។​

​ក្រសួង​ធនធានទឹក ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close