៨ខែ ឆ្នាំនេះ! កម្ពុជា នាំចេញទៅទីផ្សារសហរដ្ឋអាមេរិក កើនឡើងជាង ២៧%
ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានតម្លៃទឹកប្រាក់សរុប ៥.២២០លានដុល្លារ បានកើនឡើង ២៧,៥៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមរិក ក្នុងរយៈពេលនេះ មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ខណៈដែលស្ថានភាពការឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក កាន់តែធូរស្រាល និងការរំពឹងទុកពីការងើបឡើងវិញលឿននៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចសកល។
ចំណែកការចូលរបស់កម្ពុជា ពីសហរដ្ឋអាមេរិក នៅចន្លោះពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១នេះ បានកើនឡើង ៤០,៤០ភាគរយ រហូតដល់តម្លៃទឹកប្រាក់សរុប ២៧៨លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិត ផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿងអេឡិតត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខាពេទ្យជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។