ចាប់ខ្លួន​ជនជាតិ​ចិន ៤​នាក់ រឹបអូស​គ្រឿងញៀន​មួយចំនួនធំ នៅ​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖ កម្លាំង​នគរបាល​ជំនាញ​ខេត្ត​ព្រះសីហនុ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន កាលពី​យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ខាងក្រោយ​កាស៊ីណូ​ហួយ ហ័​រ ក្នុងភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​រឹបអូស​គ្រឿងញៀន​មួយចំនួនធំ​។​

​ក្នុង​ប្រតិបត្តិការ​នោះ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជនសង្ស័យ ឈ្មោះ ZHANG HONG YOU ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុងព្រះសីហនុ និង​ដកហូត​វត្ថុតាង​បាន ម្សៅ​ក្រាម​ចំនួន ២៦​កញ្ចប់​, ម្សៅ​ស​ថ្លា ១១​កញ្ចប់​, ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី ប្រភេទ​ម្សៅ​(MDMA) ចំនួន ១​កញ្ចប់​, ថ្នាំញៀន​អ៊ី​ច​ស្តា​ស៊ី ប្រភេទ​ទឹក​(MDMA)​ចំនួន ៤​ដប​, ថ្នាំ​គ្រាប់​មាន​អក្សរ​WY មេ​តំ​ហ្វេ​តា​មីន ចំនួន ៣​កញ្ចប់​, ទូរស័ព្ទ​ចំនួន ២​គ្រឿង​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ ដែល​ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​។​

​យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ កម្លាំង​ជំនាញ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​ទៀត ឈ្មោះ CHEN JING HUAI និង​ឈ្មោះ CHEN GUO FENG ជា​ជន​ជាតិចិន​ដូចគ្នា និង​ដកហូត​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ៥​កញ្ចប់​, រុក្ខជាតិ​ក្រៀម​ចំនួន ១​កញ្ចប់​, ម្សៅ​ក្រាម​ចំនួន ១២​កញ្ចប់​, ថ្នាំ​គ្រាប់​អក្សរ​WY មេ​តំ​ហេ្វ​តា​មីន​ចំនួន ១៣​កញ្ចប់​, ថ្នាំញៀន​អ៊ី​ច​ស្តា​ស៊ី​ប្រភេទ​ទឹក​(MDMA) ចំនួន​២​ដប​, ថ្នាំញៀន​អ៊ី​ច​ស្តា​ស៊ី​ប្រភេទ​ម្សៅ​(MDMA) ចំនួន ២​កញ្ចប់​, ម្សៅ​ក្រាម​ពណ៌​ប្រផេះ​ចំនួន ១​កញ្ចប់​, ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន ២​គ្រឿង​, ទូរស័ព្ទ​ចំនួន ១ គ្រឿង​។​

​លុះ​មកដល់​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ LU JIAN MIN ជនជាតិ​ចិន និង​ដកហូត​បាន ម្សៅ​ក្រាម​ចំនួន ៧​កញ្ចប់ និង​ទូរស័ព្ទ​ចំនួន ២​គ្រឿង​ថែមទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៤​នាក់ រួមទាំង​វត្ថុតាង​ខាងលើ ត្រូវបាន​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close