ថៃ បើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងគ្រប់ដូស ពីប្រទេសហានិភ័យកម្រិតទាប ចាប់ពីខែវិច្ឆិកា!

ថៃ៖ ប្រទេសថៃនឹងបើកប្រទេសស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំងគ្រប់ដូស មកពីប្រទេសហានិភ័យទាបមួយចំនួន ដែលមានដូចជា ចក្រភពអង់គ្លេស សិង្ហបុរី អាល្លឺម៉ង់ ចិន និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា នេះជាការលើកឡើងរបស់លោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះ។

ថ្លែងសុន្ទរកថាផ្សាយផ្ទាល់នៅតាមប្រព័ន្ធទូរទស្សន៍ លោក ប្រាយុទ្ធ បានលើកឡើងថា ភ្ញៀវទេសចរមកពីប្រទេសយ៉ាងតិចចំនួន ១០ អាចចូលមកស្រុកថៃនៅជំហានដំបូង (ថ្ងៃទី១ ខែវិច្ឆិកា) ដោយមិនឆ្លងកាត់ការធ្វើចត្តាឡីស័កឡើយ ហើយគ្រាន់តែធ្វើតេស្ត PCR នៅមុនពេលមកដល់ប្រទេសថៃ និងពេលមកដល់ប៉ុណ្ណោះ។ លុះនៅខែធ្នូ និងខែមករា ថៃនឹងបើកប្រទេសឱ្យភ្ញៀវទេសចរមកពីប្រទេសកាន់តែច្រើនបន្ថែមទៀត។
សម្រាប់ភ្ញៀវទេសចរ ដែលមិនមកពីប្រទេសដែលមិនស្ថិតក្នុងបញ្ជីខាងលើនេះនឹងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ក ទើបអាចដើរលេងបាន។ នេះបើតាមការបញ្ជាក់របស់លោក ប្រាយុទ្ធ។ កន្លងមក ប្រទេសថៃបើកឱ្យជនបរទេសមកលេងនៅតំបន់ទេសចរណ៍មួយចំនួនប៉ុណ្ណោះ តែការបើកលើកនេះគឺ បើកឱ្យដើរលេងដោយសេរី នៅទូទាំងប្រទេសថៃ។
ធនាគារជាតិថៃព្យាករថា នៅក្នុងឆ្នាំនេះប្រទេសនេះនឹងទទួលភ្ញៀវទេសចរសរុប ២០ម៉ឺននាក់ប៉ុណ្ណោះ ខណៈឆ្នាំក្រោយ ថៃអាចនឹងទទួលភ្ញៀវទេសចរសរុប ៦លាននាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។