បើករថយន្ត បុករថភ្លើងកំពុងឆ្លងផ្លូវជាតិលេខ៤ រងរបួសធ្ងន់ម្នាក់!
ខេត្តព្រះសីហនុ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍បើករថយន្តបុករថភ្លើង កំពុងបើកបរឆ្លងកាត់ផ្លូវជាតិលេខ៤។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង០៦ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ជិតផ្សារវាលរេញ ក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា រថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបើកឆ្លងផ្លូវជាតិលេខ៤ ចំណុចផ្លូវរថភ្លើងឆ្លងកាត់ ដោយមិនមានអ្នកបិទដាក់ប៉ារាស់ ក៏ត្រូវរថភ្លើង ០១គ្រឿងទិសដៅខេត្តព្រះសីហនុ-ភ្នំពេញបុករថយន្តនេះ បណ្តាលអោយ អ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ (រងរបួសធ្ងន់) ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ រីឯរថយន្ត បានទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។