ដំណឹង​ល្អ​! ចង្កៀលខ្យង​រាប់ពាន់​ក្បាល ម​ស្រេច​ចិត្ត​បន្ត​ពង​កូន នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​

​បន្ទាប់ពី​បានបញ្ចប់​រដូវ​ពង​កូន​ឆ្នាំ​២០២០-២០២១​ដោយ​ជោគជ័យ ហ្វូង ចង្កៀលខ្យង​ពេញវ័យ​មួយចំនួន បាន​ហើរ​ចាក​ចេញពី​សំបុក ទៅ​ទីតាំង​ផ្សេងៗ​ដើម្បី​រក​ចំណី ចិញ្ចឹមជីវិត​។ ដោយឡែក ក្នុង​ឆ្នាំ​២០២១ នេះដែរ ចង្កៀលខ្យង​បាន មក​កាច់​សម្បុក​ពង​កូន​សារជាថ្មី នៅលើ​ទីតាំង​ដដែល ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​។

​សម្បុក​ចង្កៀលខ្យង​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​ប្រហែល​ជាង​ពីរពាន់​សម្បុក ដែលមាន​ទាំង​សម្បុក​ថ្មី​និង​សម្បុក​ចាស់ សម្បុក​ខ្លះ​បាន​ញាស់ និង​ខ្លះទៀត​កំពុង​បន្ត​ក្រាប​ពង​។ ដោយសារ​ទឹកជំនន់​ឆ្នាំនេះ​តូច ដូចនេះ យើង​ពុំទាន់​បាន​ជួបប្រទះ​នូវ​បញ្ហា សម្បុក​លិច​ទឹក និង​ធ្លា​ក់ពង​សត្វ​ដោយសារ​ព្យុះភ្លៀង​នៅឡើយ​ទេ​។

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​សហការ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ក្នុង​កិច្ចការពារ​សំបុក​សត្វ​ទាំងនេះ ដោយ​ធ្វើការ​យាមល្បាត​ទាំងថ្ងៃទាំងយប់ ការពារ​ជនខិលខូច​មួយចំនួន​ដែល​ឆ្លៀតឱកាស​បង្ករ​បទល្មើស​ផ្សេងៗ​។ វត្តមាន​នៃ​សត្វ​ស្លាប​ដែល​នៅតែ​បន្ត​ពង​កូន​ក្នុង​តំបន់ដីសើម​នេះ បាន​បញ្ចាក់​អោយ​យើង​បានដឹងថា តំបន់ដីសើម​នេះ ជា​តំបន់​ដ៏​សំខាន់ និង​មាន​តំលៃ​ជា​អតិបរមា សម្រាប់​ការងារ​អភិរក្ស ការពារ ធនធានធម្មជាតិ​។

​សូម​ចូលរួម​អភិរក្ស​ការពារ​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ​ទាំងអស់គ្នា​! ​គម្រោង​អភិរក្ស​និង​គ្រប់គ្រង​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ ស្ថិតក្រោម​កិច្ចសហការ​រវាង​ក្រសួងបរិស្ថាន ដែលមាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ ជា​សេនាធិការ ជាមួយ​ភាពជា​ដៃគូ​នៃ​អង្គការ​អភិរក្ស​តំបន់ដីសើម​មេគង្គ​ក្រោម ដែលមាន អង្គការ​ជីវិត​ស្លាប​អន្តរជាតិ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា និង​អង្គការ​WWT៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close