ត្រីមាសទី៣ ក្នុងឆ្នាំនេះ! កម្ពុជា នាំចេញអង្ករកើនឡើងជិត ៤៣%

ភ្នំពេញ៖ ត្រីមាសទី៣ នៃឆ្នាំ២០២១ នេះ ប្រទេសកម្ពុជា បាននាំចេញអង្ករបានចំនួន ១៣០.២៤៨តោន គិតជាទឹកប្រាក់មានចំនួនជាង ៨១លានដុល្លារអាមេរិក ដែលមានកំណើន ៤២,៩៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួនត្រឹមតែ ៩១.១១៥តោនតែប៉ុណ្ណោះ។

យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សម្រាប់រយៈពេល ៩ខែ នៃឆ្នាំ២០២១វិញ គឺកម្ពុជាបានធ្វើការនាំចេញបានចំនួន ៤១០.៦៩៨តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៣,៦៩លានដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍ដដែលនេះ បានបន្តឲ្យដឹងថា សម្រាប់ទីផ្សារដែលបាននាំចេញធំជាងគេ គឺ ប្រទេសចិន និងតំបន់ស្វយ័តរដ្ឋបាល ហុងកុង ម៉ាកាវ មានចំនួន ៤៩,៥០% និងប្រទេសនៅបណ្តាសហគមន៍អឺរ៉ុប រួមទាំងអង់គ្លេស មាន ចំនួន ២៦,៩១% ប្រទេសក្នុងបណ្ដាសហគមន៍ អាស៊ានមានចំនួន ១០,០៩% និងបណ្តាលគោលដៅផ្សេងៗ ចំនួន ២២ មានចំនួន ១៣,៥០%។
ដោយឡែក ប្រភេទអង្ករដែលនាំចេញមានអង្ករក្រអូបគ្រប់ប្រភេទចំនួន ៦៩,៧១% អង្ករសបាយទុន ២៧,១៨% អង្ករចំហុយ ១,៧១% និងអង្ករសរីរាង្គ ១,៤១%។ សម្រាប់ខែកញ្ញា ឆ្នាំ២០២១ នេះដែរ ការនាំចេញ បានចំនួន ៦៧.២៥១តោន គិតជាទឹកប្រាក់បានចំនួន ៣៥,៣៤លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា សរុបជារួមការនាំចេញអង្ករ និងស្រូវ នៅក្នុងខែកញ្ញា ឆ្នាំ២០២១ ដែលគិតជាបរិមាណទាំងស្រូវ និងអង្ករ បានចំនួន ២០៧.៣៦៤ តោន គិតជាទឹកប្រាក់មានចំនួនជាង ៦៦,៨៧លានដុល្លារអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។