កម្ពុជា ទទួលបាន​វ៉ាក់សាំង​របស់​ចិន ចំនួន ២​លាន​ដូ​ស​បន្ថែមទៀត​!

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបាន​វ៉ាក់សាំង​ស៉ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន​២​លាន​ដូ​ស​ទៀត ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ជូន​រាជរដ្ឋាភិបាល​កម្ពុជា​។​

ប្រទេស​ចិន គឺជា​ប្រទេស​ដំបូង​គេ ដែល​បាន​ផ្តល់ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ មកកាន់​ប្រទេស​កម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១​។ មកដល់ពេលនេះ វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​ចិន បានផ្តល់​ជា​ជំនួយ​មក​កម្ពុ​ជាមាន​ចំនួន​សរុប ៦​លាន ៨០​ម៉ឺន​ដូ​ស ហើយ​មកដល់ពេលនេះ កម្ពុជា បានទទួល​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ទាំង​ជំនួយ និង​ការបញ្ជាទិញ​មាន​ចំនួន​សរុប ៣២​លាន ៨​សែន​ដូ​ស​។ វត្តមាន​វ៉ាក់សាំង​របស់​ចិន បានធ្វើឱ្យ​កម្ពុជា​សម្រេច​ផែន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស និង​មុន​ផែនការ​គ្រោងទុក​។
​
គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា កម្ពុជា ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ៦​ឆ្នាំ​ឡើង បាន​ចំនួន​ជាង ១៣.៥​លាន​នាក់​ហើយ ស្មើនឹង​ប្រមាណ ៨៤.៦៦​ភាគរយ ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១៦​លាន​នាក់​។ ក្នុងនោះ​អ្នក​ចាក់​បាន​ទាំងពីរ​ដូ​ស មាន​ចំនួន​ជាង ១២​លាន​នាក់ ហើយ​អ្នក​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ បាន​ជាង ១​លាន​នាក់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close