៩ខែ ឆ្នាំនេះ! អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបាន ១,៦៩៩លានដុល្លារ

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានចំនួន ៦,៨៨១.៤ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១លានដុល្លារ។

បើតាមកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគយ និងរដ្ឋាករ ប្រចាំ៩ខែ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា «ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២១នេះ អគរ ប្រមូលចំណូលបានចំនួន៦,៨៨១.៤ ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១លានដុល្លារ គឺសម្រេចបាន៧១.៩% នៃផែនការ ឆ្នាំដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ថយចុះប្រមាណ ៦.៨%»។
បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ២,៦១៧.៨ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៨.០%នៃចំណូលសរុប), អាករពិសេសមាន ២,៥៧០.៦ ប៊ីលានរៀល (ត្រូវជា ៣៧.៤%នៃចំណូលសរុប), ពន្ធនាំចូលមាន ១,២៤៣.៥ ប៊ីលានរៀល (ត្រូវជា ១៨.១%នៃចំណូលសរុប), អាករបន្ថែមលើ ផលិតផលប្រេងមាន ៣១២.០ ប៊ីលានរៀល (ត្រូវជា ៤.៥%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ១៣៧.២ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។
បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ២,៨៨២.០ ប៊ីលានរៀល គ្របដណ្តប់ ៤១.៩% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១,៩៤៨.២ ប៊ីលានរៀល ត្រូវជា ២៨.៣%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១,៦២០.៦ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ៤៣០.៧ ប៊ីលានរៀល ស្មើនឹង ៦.៣%នៃចំណូលសរុប ។
សម្រាប់យុទ្ធនាការនៃការប្រមូលពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស លោករដ្ឋមន្ត្រីប្រតិភូ បានរម្លឹកកដល់គ្រប់អង្គភាពគយនិងរដ្ឋាករ ត្រូវបន្តផ្សព្វផ្សាយដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ឲ្យបានទូលំទូលាយ និងត្រូវទទួលស្វាគមន៍ម្ចាស់ យានយន្តដែលស្ម័គ្រចិត្ត ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល ប្រកបដោយភាពរួសរាយនិងរាក់ទាក់បំផុតក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។