លោក លី ឡេងនិងលោក ប៉ែន រ័ត្ន ស្នងការខេត្តទំនងនៅពីក្រោយល្បែងស៊ីសងដ៏ល្បីនៅតំបន់សេដ្ឋកិច្ចពិសេសប្រចាំច្រកដារ
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋឃុំ ដារ ស្រុកមេមត់បានឲ្យដឹងថា អ្នកបើកសង្វៀន បញ្ជល់មាន់បង្កប់ល្បែងស៊ីសងច្រើនប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈនថារី នេះគឺមានឈ្មោះ (ហេង)គេមានខ្នងបង្អែកយ៉ាង រឹងមាំ ជាមន្ត្រីជាន់ខ្ពស់ ទើបហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្តរបស់ខ្លួន។ អ្នកធ្លាប់ចូលរួមលេងល្បែង បញ្ជល់មាន់និងល្បែងស៊ីសង ផ្សេងៗក្នុងទីតាំងនោះ ឲ្យដឹងទៀតថា នៅផ្លូវចូលសង្វៀនបញ្ជល់មាន់នោះមានកងសន្តិសុខយាមកាមយ៉ាងប្រយ័ត្នប្រយែងខ្លាចក្រែងអ្នកកាសែតចូលថតយករូបភាពទៅផ្សព្វផ្សាយ។ ប្រជាពលរដ្ឋក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានកត់សម្គាល់ថាចាប់តាំងពីមានសង្វៀនបញ្ជល់មាន់ត្រូវគេបើកលេងនៅក្បែរច្រកទ្វេភាគីដារ គឺអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច។
ពលរដ្ឋរស់នៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្តទៀតថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈនថារី កំពង់ចាម ច្រកទ្វេភាគីដារ ស្រុកមេមត់ កំពុងមានការបើក លេងល្បែងស៊ីសងយ៉ាងពេញបន្ទុកដោយគ្មាន មន្ត្រីអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនោះឡើយ។ នៅក្នុងបរិវេណទីតាំងតំបន់សេដ្ឋកិច្ចពិសេសនោះមានសង្វៀនបញ្ជល់មាន់ដ៏ធំមួយបង្កប់ដោយល្បែងស៊ីសងច្រើនប្រភេទទៀតកំពុងដំណើរការយ៉ាងរលូន ហើយអភិបាលស្រុកមេមត់ ក៏ដូចជាអធិការនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ។ សូម្បីតែលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ក៏មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឲ្យស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះឡើយ។
គួបញ្ជាក់ថា៖ សង្វៀនបញ្ជល់មាន់និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងទីតាំងដីឡូត៍តំបន់សេដ្ឋកិច្ចពិសេសឈនថារី មានពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ចឬមន្ត្រីអាជ្ញាធរមូលដ្ឋានណាទប់ស្កាត់តាមតួនាទីរបស់ខ្លួននៅឡើយទេ?។ បើគេធ្វើដំណើរតាមផ្លូវជាតិលេខ៧ ចេញពីខេត្តត្បូងឃ្មុំ រួចបត់ស្ដាំចូលតាមច្រកទ្វារទ្វេភាគីដារ ចម្ងាយប្រហែល៥០០ម៉ែត្រគឺប្រាកដជាឃើញទីតាំងបើកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងនោះជាមិនខាន។ជារៀងរាល់ថ្ងៃមានក្រុមអ្នកលេងល្បែងបញ្ជល់មាន់មកពីគ្រប់ទិសទីមកប្រមូលផ្ដុំគ្នានៅទីតាំងសង្វៀនបញ្ជល់មាន់ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈនថារី ហើយក្នុងនោះមានសមត្ថកិច្ចប្រដាប់អាវុធនិងមន្ត្រីរាជការមួយចំនួនចូលរួមលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងហើយនឹងសប្បាយយ៉ាងខ្លាំងដោយមិនខ្លាចអ្វីឬអាជ្ញាធរមានសមត្ថកិច្ចហ៊ានបង្ក្រាប។
ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរបង្ក្រាបសង្វៀនបញ្ជល់មាន់ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈនថារី ជាបន្ទាន់ព្រោះលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ នាំគ្នាដេកលក់យ៉ាងសុខស្រួល ដេកចាំទទួលប្រយោជន៍ពីល្បែងស៊ីសងដ៏ល្បីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ច្រកដារ យ៉ាងស្ងៀមស្ងាត់បែបនេះ ។តើឲ្យប្រជាពលរដ្ឋរស់នៅបែបណាបើ មិនមានសុវត្តិភាព? ឯណាទៅភូមិ ឃុំមានសុវត្តិភាពទាំង9ចំនុចដែល រដ្ឋាភិបាលដាក់ចេញ នោះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។