៩​ខែ ឆ្នាំនេះ​! អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​បាន ២,១១១​លាន​ដុល្លារ

​ភ្នំពេញ​៖ រយៈពេល​៩​ខែ ឆ្នាំ​២០២១​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្រមូល​ចំណូល​ពន្ធ​សម្រាប់​ថវិកាជាតិ​បាន ២,១១១​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង ៩៤.១២​នៃ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១​។​

​ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែកញ្ញា ឆ្នាំ​២០២១ និង​ត្រីមាស​ទី​៣ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត ដែល​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​បាន​បង្ហាញថា រយៈពេល​៩​ខែ ឆ្នាំ​២០២១ ចំណូល​ពន្ធ អាករ​ដែល​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ប្រមូលបាន (​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ ចំណូល​អន​ឡាញរ​បស់ អគ្គនាយកដ្ឋាន​ពន្ធដា​រ​) មាន​ចំនួន ៨,៥៤៩.៩០​ប៊ី​លាន​រៀល (​ប្រមាណ​ជា ២,១១១.០៩​លាន​ដុល្លារ​) ស្មើនឹង ៩៤.១២% នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២០ ឃើញថា​ថយចុះ​ចំនួន ៥៥០.២២ ប៊ី​លាន​រៀល (​ប្រមាណ​ជា​១៣៥.៨៦​លាន​ដុល្លារ​) ស្មើនឹង​-៦.០៥%​។​

​សម្រាប់​ឆ្នាំ​២០២១ នេះ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​បាន គ្រប់​តាម​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ចំនួន ៩ ០៨៤.៤២ ប៊ី​លាន​រៀល (​ប្រមាណ ២,២៤៣.០៧ លាន​ដុល្លារ​អាមេរិក​) អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​ពង្រឹង​ការអនុវត្ត​នូវ​វិធានការ​គោលនយោបាយ និង​រដ្ឋបាល​សារពើពន្ធ សំខាន់ៗ​មួយចំនួន​ទៀតផង​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ពន្ធដារ​គ្រប់​ជាន់ថ្នាក់ នៅតាម​អង្គភាព​ក្រោម​ឱវាទ អគ្គនាយកដ្ឋាន​ពន្ធដា​រ ដែល​បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល ដែល​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ហើយ​នេះ​គឺជា​ជោគជ័យ និង​ជា​សមិទ្ធផល​រួម​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ទាំងមូល ទោះបី​ស្ថិ​ក្នុងដំណាក់កាល​នៃ​ការអូសបន្លាយ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close