៣​ថ្ងៃ​! នៃ​ចុង​សប្ដាហ៍​នេះ ភ្ញៀវទេសចរ​ជិត ១៤​ម៉ឺន​នាក់ ចេញ​ដើរ​កម្សាន្ត​

​ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២១​នេះ បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​១៥-១៧ ខែតុលា ឆ្នាំ​២០២១ ដែលជា​ថ្ងៃ​ចុង​សប្តាហ៍​នោះ ភ្ញៀវ​ទេសចរណ៍​ដែល​បានចេញ​ដើរ​ទស្សនា​កម្សាន្ត​មាន​ចំនួន​សរុប ១៣៨,០៩៩​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ១៣៥,០៦៦​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៣,០៣៣​នាក់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តថា គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ២៨,៧២៨​នាក់​
* រាជធានី​ភ្នំពេញ ២៥,៦៩៨​នាក់​
* ខេត្តកំពត ១៨,៤៣៧​នាក់​
* ខេត្តកំពង់ស្ពឺ ៨,៥៥៥​នាក់​
* ខេត្តសៀមរាប ៧,៦៨៧​នាក់​
* ខេត្តពោធិ៍សាត់ ៧,៤៥៩​នាក់​
* ខេត្ត​កែប ៧,១៣៦​នាក់​។​

​បើទោះបី​ថ្ងៃ​ឈប់សម្រាក​រយៈពេល​យូរ​នៃ​ពិ​ធិ​បុណ្យ​ភ្ជុំបិណ្ឌ​បាន​កន្លងផុត ចរន្ត​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ទៅកាន់​គោលដៅ​ទេសចរណ៍​នានា​នៅតែមាន​សកម្មភាព​គួរកត់សម្គាល់ ទោះបី​មានការ​ថមថយ​ចំនួន​ខ្លះ​ក៏ដោយ​។ ជាក់ស្តែង តួលេខ​ចុង​សប្តាហ៍ (៣​ថ្ងៃ​) ខាងលើ មានការ​ថយចុះ​ប្រមាណ ៤៣.៤៦% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក​ក្រោយ​ពិធីបុណ្យ​ភ្ជុំ ប៉ុន្តែ​បើ​ធៀប​នឹង​ចុង​សប្តាហ៍​មុន​ពិធីបុណ្យ​ភ្ជុំ គឺមាន​ការកើនឡើង​ប្រមាណ ១៨.២១%​។​

​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត នៅតែ​បន្ត​ខិតខំ​ផ្សព្វផ្សាយ និង​ចុះ​វាយតម្លៃ​មូលដ្ឋាន​អាជីវកម្ម​ស្របតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) សម្រាប់​សេវា​នានា​ដែល​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​កន្លងមក ខណៈដែល​ការចូលរួម និង​យល់ដឹង​របស់​ភ្ញៀវទេសចរ​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ កាន់​តែមាន​ភាពល្អប្រសើ​រ ពិសេស​តាមរយៈ​ការបង្ហាញ​កាត​ចាក់​វ៉ាក់សាំង​នៅពេល​ចូល​រមណីយដ្ឋាន​ជាដើម​។​

​ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍​ក៏បាន​កំពុង​រៀបចំ និង​ដាក់ចេញ​នាពេល​ឆាប់ៗ​នេះ​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង SOP សម្រាប់​សេវា​សំខាន់ៗ​ផ្សេងទៀត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close