តា​លី​បង់​មិន​លក​លេង​ដល់​ក្រុម​វាយប្រហារ​គ្រាប់បែក​នៅ​ព្រះវិហារ​ស្លាប់​និង​របួស​១៥០​នាក់​

​មាន​ករណី​វាយប្រហារ​គ្រាប់បែក​ដល់​ទៅ​៣​លើក នៅ​ព្រះវិហារ​អ៊ីស្លាម Imam Barga ខេត្ត Kandahar បានសម្លាប់​មនុស្ស ៤០ នាក់​និង​ជាង​៩០​នាក់​រងរបួស​កាលពី​ថ្ងៃទី ១៥​ខែតុលា​។​

​សារព័ត៌មាន Khaama Press បាន​ផ្សាយ​ថា ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បង្កឡើង​ដោយ​ភេរ​វករ​៣​នាក់​ផ្សេងគ្នា​។ ភេរ​វករ បាន​ចាប់​បុគ្គលិក​សន្តិសុខ ព្រះវិហារ ក្រោយមក​ក៏បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ក្នុងពេល​សាសនិក កំពុង​ធ្វើ​ពិធីបួងសួង​ថ្ងៃ​សុក្រ​។ សាសនិក​នៅក្នុង​ពិធីបួងសួង​នៅ​ព្រះវិហារ​គឺជា​សាសនិក​និកាយ​ស៊ី​អ៊ិត ។​

​មកទល់ពេលនេះ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលស្គាល់ ការផ្ទុះ​នៅឡើយ​ទេ​។ អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ លោក Zabihullah Mujahid បាន​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​ការ​វា​ប្រហារ​ខាងលើ ដោយ​ចាត់ទុកថា​នោះ​ជា​អំពើ​ព្រៃផ្សៃ ។ រដ្ឋាភិបាល​តា​លី​បង់​នឹង​ស្វែងរក​ចាប់ខ្លួន​ក្រុម​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​យកមក​ដាក់ទោស​។​

​អគ្គរដ្ឋទូត​អ៊ីរ៉ង់ បាន​លើកឡើងថា​រដ្ឋាភិបាល​តា​លី​បង់ នឹងមាន​សកម្មភាព​ដាច់ខាត​នៅក្នុង​ការ​កម្ចាត់​ក្រុម​ភេរវកម្ម​។ អ៊ីរ៉ង់​គឺជា​ប្រទេស​កាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី ដូច​ទៅនឹង​ព្រះវិហារ​ដែល​ទើបតែ​រង​ការវាយប្រហារ​ផងដែរ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close