ជំនន់ទឹកភ្លៀងជន់លិចភូមិមួយចំនួន នៃស្រុកលំផាត់ និងទឹកទន្លេស្រែពក ហក់ឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន!

ខេត្តរតនគិរី៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឲ្យមានជំនន់ទឹកភ្លៀងជន់លិចភូមិមួយចំនួន នៃស្រុកលំផាត់ និងទឹកទន្លេស្រែពក បានហក់ឡើងជាបន្តបន្ទាប់ជិតដល់កម្រិតត្រូវប្រកាសប្រុងប្រយ័ត្ន ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកម្លាំងពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក នៅចំណុចភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ដើម្បីមានវិធានការអន្តរាគមន៍ ឆ្លើយតបបានទាន់ពេលវេលាទៅនឹងសភាពការណ៍ជាក់ស្តែង។

ស្ថានភាពជាក់ស្តែងនៃជំនន់ទឹកភ្លៀង និងការហក់ឡើងនៃទឹកទន្លេស្រែពកនេះ បណ្តាលមកពីឥទ្ធិពលនៃព្យុះទី១៨ បង្កជាវិសម្ពាធទាបនាំឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា និងការបើកធាទឹកពីអាងស្តុកទឹកស្រែពក៤ ផ្នែកខាងលើទន្លេស្រែពក បង្ករជាជំនន់ទឹកទន្លេ និងជំនន់ទឹកភ្លៀងបានលិចភូមិ ឃុំមួយចំនួន ដែលស្ថិតនៅតំបន់ទំនាបងាយប្រឈម ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ។

សូមជម្រាបថា គិតមកដល់ពេលនេះ មានឃុំចំនួន៤ នៃស្រុកទាំងពីរខាងលើ ទឹកបានជន់លិចចូលភូមិ ក្នុងនោះអាជ្ញាធរបានជួយអន្តរាគមន៍ ដើម្បីជម្លៀសពលរដ្ឋដែលប្រឈមខ្ពស់មករកទីទួលសុវត្ថិភាព ដែលបានត្រៀមកន្លងមក។
អាជ្ញាធរខេត្ត បានអំពាវនាវបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមឆ្លើយតបជាបន្ទាន់ចំពោះហេតុការណ៍ដែលបានកើតឡើង តាមគ្រប់មធ្យោបាយ និងសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ងាយរងគ្រោះបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។