អាមេរិក-រុស្ស៊ី នៅតែបន្តសហការក្នុងវិស័យអាវកាស

អង្គការអាវកាសអាមេរិក NASA ​បានប្រកាសថា អាមេរិកនៅតែបន្តធ្វើការរួមជាមួយរុស្ស៊ីដដែល ដើម្បីរក្សាកិច្ចសហប្រតិបត្តិការនៅក្នុងកម្មវិធី​អាវកាស​ និងបញ្ចៀសផលប៉ះពាល់​ដោយសារតែភាពតានតឹង​រវាងរុស្ស៊ី និងអាមេរិក ក្នុងបញ្ហានយោបាយ ។

នៅក្នុងកិច្ចពិភាក្សាតុមូល ប្រធានគ្រប់គ្រង អង្គការណាសាលោក​ Jim Bridenstine  ​បានបញ្ចាក់ថា «យើងអាចបញ្ចាក់បានថា​អាវកាស នឹងត្រូវបានដាក់ឲ្យដាច់ដោយឡែកពីវិបត្តិនយោបាយ ដែលកើតឡើងនៅលើភពផែន​ដី។  យើងនៅតែបន្តសហការនិងគ្នាដដែល​ពិសេសគឺភាគីរុស្ស៊ី»។

លោក​ Jim Bridenstine បានបញ្ចាក់ថា​នឹងបន្តរក្សាទំនាក់ទំនង រឹងមាំនៅក្នុងវិស័យអាវកាស រវាងអាមេរិកនិងរុស្ស៊ី​។ ទទឹមនឹងនោះ លោកបញ្ចាក់ថា ប្រធានអង្គការអាវកាសរុស្ស៊ី លោក​ Dmitry Rogozin ក៏មានទស្សនដូចគ្នាក្នុងវិស័យនេះ ។

កន្លងមក ថ្មី​ៗ ប្រធាន អង្គការអាវកាសរុស្ស៊ី បានបញ្ចាក់ថា រុស្ស៊ីអាចនឹងដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការរួម ជាមួយអាមេរិក ។ រុស្ស៊ីនឹងបង្កើតគម្រោង ដាច់ដោយឡែក នៅក្នុងវិស័យអាវកាស​ ដើម្បីបន្តស្រាវជ្រាវ ។ នៅពេលនេះ ដែរមិនទាន់មានប្រតិកម្មអ្វីជំវិញការលើកឡើងខាងលើរបស់អាមេរិកនៅឡើយទេពីភាគីរុស្ស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close