តំបន់​អាស៊ាន​ទទួលបាន​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​កូ​វីដ​១៩

ស្ថានភាព​កូ​វីដ ១៩ នៅក្នុង​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន បាន​ថយចុះ​យ៉ាងខ្លាំង គឺជា​រឿង​ល្អប្រសើរ​បំផុត​សម្រាប់​ប្រទេស​ក្នុង​តំបន់​បើកទ្វារ​សេដ្ឋកិច្ច​ឡើងវិញ​។ ទាំងនោះ​ក៏​ជា​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​នៃ​ប្រទេស​ក្នុង​តំបន់​។​

​គេហទំព័រ Worldometers បាន​ផ្សាយ​ថា ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក ប្រទេស​ក្នុង​តំបន់​អាស៊ាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ ១៩ ជិត​៣៥​ពាន់​នាក់​ថ្មី និង​ស្លាប់ ៤០៥​នាក់​ប៉ុណ្ណោះ​នៅ​ទូទាំង​តំបន់​។ ចាប់តាំងពី​ការផ្ទុះ​កូ​វីដ ១៩ រហូតមកទល់​ពេលនេះ តំបន់​ទាំងមូល​មាន​ករណី​ឆ្លង​កូ​វីដ ១៩ សរុប មាន​ជិត​១២,៨​លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ ជាង ២៧២​ពាន់​នាក់ ។​

​ប្រទេស​ជាច្រើន​ក្នុង​តំបន់​កំពុង​កំណត់​គោលដៅ​មិនមាន​ករណី​ឆ្លង​ក្នុង​សហគមន៍ ក៏ដូចជា​ស្លាប់​ប្រចាំថ្ងៃ​។ នៅពេល​នេះដែរ ប្រទេស​ថៃ​ឈរ​លំដាប់​លេខ​មួយ​ពី​ករណី​ឆ្លង​ប្រចាំថ្ងៃ​នៅក្នុង​តំបន់ ដោយនៅ​ថ្ងៃទី ១៧​ខែតុលា ថៃ​រកឃើញ​ករណី​ឆ្លង​ថ្មី​ដល​ទៅ ជាង​១០.៨៦៣​នាក់ ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​ថៃ​កើនឡើង​ជិត ១,៨​លាន​នាក់​ហើយ​។ ចំណែក​ហ្វីលីពីន​ឈរ​លំដាប​ទី​ពីរ ដោយមាន​ករណី​ឆ្លង​ជិត ៧​ពាន់​នាក់​ក្នុង​មួយថ្ងៃ និង​ម៉ាឡេស៊ី ឈរ​លំដាប​ទី​បី​មាន​ករណី​ឆ្លង​ជាង ៦​ពាន់​នាក់​។​

​ដើម្បី​គ្រប់គ្រង​ការឆ្លង​បានល្អ​បំផុត បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​បង្កើនល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ។ តាម​សារព័ត៌មាន New York Times បាន​ផ្សាយ​ថា ប្រ​ទេ​ល​នាំមុខ​ក្នុង​ការចាក់​វ៉ាក់សាំង​បាន​ច្រើន​បំផុត​គឺ​សិង្ហ​បុរី ដោយមាន​ពលរដ្ឋ​ដល់​ទៅ​ជាង ៨៣% បាន​ចាក់​វ៉ាក់សាំង​រួចរាល់​យ៉ាងតិច​១​ដូ​ស និង ៨២%​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ពីរ​ដូ​ស​។ ជាមួយគ្នានេះ​ក៏មាន​ពលរដ្ឋ​ជាង ៩,៧​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​បី​រួចរាល់​ផងដែរ​។​

​ប្រទេស​កម្ពុជា​យើង ឈរ​លំដាប់​ទី​ពីរ ដោយមាន​ពលរដ្ឋ​៨២%​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩​យ៉ាងតិច ១​ដូ​ស និង​៧៥% បាន​ចាក់​វ៉ាក់សាំង​រួចរាល់​គ្រប់​ចំនួន​ពីរ​ដូ​ស និង ៧,៨%​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​បី ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close