យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ២២៩គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់វិញ

ភ្នំពេញ៖ ស្របពេលស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល និងការរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល ក្រោយវិបត្តិនៃជំងឺកូវីដ-១៩
គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់យានយន្តចំនួន ២២៩គ្រឿងជូនម្ចាស់វិញ។

យានយន្តទាំង ២២៩គ្រឿង ជាយានយន្តល្មើសច្បាប់ ដោយបានដឹកលើសទម្ងន់កម្រិតកំណត់លើសពី ២០% នៃទម្ងន់អនុញ្ញាត ដែលបានឃាត់ដោយស្ថានីយជញ្ជីងអចល័ត និងក្រុមចល័តចម្រុះ ហើយរក្សាទុកនៅតាមស្ថានីយជញ្ជីងអចល័ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។
សូមរំលឹកជូនម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយមេត្តាជ្រាបថា៖ ថ្វីត្បិតតែរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយនាពេលនេះមែន តែក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយមិនមានការលើកលែងជាលើកទី២ ទៀតឡើយ ហើយក្រសួងនឹងខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដល់សាធារណជនទូទៅឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។