ពលករ​ខ្មែរ​ជាង ១០០​នាក់ សមត្ថកិច្ច​ថៃ ចាប់​បញ្ជូនមក​កម្ពុជា​វិញ​!

​ខេត្តបន្ទាយមានជ័យ​៖ ពលករ​ខ្មែរ​ចំនួន ១០៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ថៃ ដឹក​បញ្ជូនមក​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ តាម​ច្រក​តំបន់​ឃុំ​ឃោ​គ​សូង ស្រុក​តា​ប្រៈ​យ៉ា ចេញ​តាម​ច្រករបៀង​អូ​បី​ជាន់ ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ ដោយសារ​ចាញ់បោក​មេខ្យល់​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​

​គួរ​ជម្រាប​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បាន​ចុះ​ត្រួតពិនិត្យ​នៅតាម​ច្រកព្រំដែន​ថៃ​-​កម្ពុជា រហូត​ឈានទៅ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ ចំនួន ១០៤​នាក់ នៅត្រង់​បរិវេន​សួន​ប៉ា​យូ​ខា​លី​ប​តាន់ ខេត្ត​សា​កែវ​។​

​ក្រោយពី​ការសាកសួរ​ពី​សមត្ថកិច្ច ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ក៏បាន​សារភាពថា ពួកគាត់​បាន​បង់ប្រាក់​ទៅឱ្យ​មេខ្យល់​ក្នុង​ម្នាក់ៗ ចាប់ពី​៦,០០០​បាត ទៅដល់​៩,០០០​បាត ដើម្បី​បាន​ចូល​ប្រទេស​ថៃ​។​

​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប សូមមេត្តា​កុំ​ចាញ់បោក​មេខ្យល់​បន្តទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close