អាមេរិក គ្រោង​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង Covid-19 ដូ​ស​ជំរុញ​បន្ថែមទៀត​

​វ៉ាស៊ីនតោន​៖ រដ្ឋបាល​ឱសថ និង​ចំណីអាហារ​អាមេរិក (FDA) មាន​ផែន​ការចេញ​ការអនុញ្ញាតអោយ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣​ប្រភេទ​ផ្សេងគ្នា បន្ថែម​ពីលើ​វ៉ាក់សាំង​តែមួយ​ម៉ាក ដែល​ត្រូវ​បានអនុម័ត​អោយប្រើ​កាលពី​លើក​មុន នេះ​បើតាម​កាសែត New York Times​។​

​សេចក្តីរាយការណ៍​បន្ថែ​ម​ពី​កាសែត New York Times បាន​អោយដឹងទៀតថា អាជ្ញាធរ​សុខាភិបាល​អាមេរិក​ទំនងជា​មិន​ណែនាំ​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ ដូ​ស​ជំរុញ ខុសពី​ម៉ាក​វ៉ាក់សាំង​ដែល​ពលរដ្ឋ​បាន​ចាក់​កាលពី​លើក​មុន​នោះឡើយ ហើយ​ការសម្រេចចិត្ត​នាពេល​ខាងមុខនេះ ទំនងជា​នឹង​ណែនាំ​ឲ្យ​ពលរដ្ឋ ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ ដូ​ស​ទី ៣ ឲ្យ​ស្របទៅនឹង​ម៉ាក​វ៉ាក់សាំង ដែល​ពួកគេ​បាន​ចាក់​កាលពី​ដំបូង​។

​រដ្ឋបាល​ឱសថ និង​ចំណីអាហារ​អាមេរិក (FDA) កាលពី​ខែកញ្ញា​កន្លងទៅ បានអនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ដូ​ស​ទី ៣ របស់​ក្រុមហ៊ុន Pfizer-BioNTech សម្រាប់​ពលរដ្ឋ​អាមេរិក​ដែលមាន​អាយុ ៦៥ ឆ្នាំ​ឡើងទៅ និង​អ្នក​ដែល​ត្រូវបាន​ចាត់ទុកថា ស្ថិតនៅក្នុង​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។

​ហើយ​ឥឡូវនេះ ក្រុមប្រឹក្សា​យោបល់​របស់​រដ្ឋបាល​ឱសថ និង​ចំណីអាហារ​អាមេរិក (FDA) បាន​គាំទ្រ​រួចហើយ ចំពោះ​ការប្រើប្រាស់​វ៉ាក់សាំង​ដូ​ស​ទី ៣ ឬ​ដូ​ស​ជំរុញ​របស់​ក្រុមហ៊ុន Moderna និង Johnson & Johnson ហើយ​ពួកវា​នឹងត្រូវ​អនុម័ត​អោយប្រើ​ជា​ផ្លូវការ​នាពេល​ខាងមុខនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close