ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូម ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ និងទៅពិគ្រោះជាមួយគ្រូពេទ្យនៅតាមទីតាំងចាក់វាក់សាំងកូវីដ-១៩ ដែលស្ថិតនៅជិតទីសំណាក់ឱ្យបានគ្រប់ៗគ្នា។ លោកជំទាវ រដ្ឋលេខាធិការថា គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សង្កេតឃើញថា អ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់ កន្លងមក ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូចនេះដើម្បីកាត់បន្ថយសភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ និង កាត់បន្ថយជាអតិបរមា នូវអត្រាស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ សូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា។

លោកជំទាវ ឱ វណ្ណឌីន លើកឡើងបែបនេះក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីពីការចាក់វ៉ក់សាំងបង្ការជំងឺកូនីដ-១៩ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩និងអ្នកមានជំងឺប្រចាំកាយ។
ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សង្កេតឃើញថា មានប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ៦ឆ្នាំឡើង បានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ បានយ៉ាងច្រើន ក្នុងចំណោមនោះក៏មានលោកតា និងលោកយាយ ដែលមានអាយុ លើសពី១០០ឆ្នាំ បានមកចាក់វ៉ាក់សាំងកូវីដ- ១៩ ប្រកបដោយសុវត្ថិភាពផងដែរ។
ទន្ទឹមគ្នានេះដែរគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សង្កេតឃើញថា
នៅមានប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយ ដោយសារមូលហេតុផ្សេងៗ។ លើសពីនេះ ចំពោះប្រជាពលរដ្ឋដែលជាក្រុមគោលដៅ និងជាក្រុមដែល ប្រឈមទៅនឹងហានិភ័យនៃភាពធ្ងន់ធ្ងរជំងឺកូវីដ-១៩ ដែលអាចស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ មានដូចខាងក្រោម ,ប្រជាពលរដ្ឋដែលមានវ័យចាស់, ស្ត្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះ, អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ មានរយៈពេលចាប់ពី៤ខែឡើង ឬអ្នកដែលបានជាសះស្បើយពីជំងឺផ្សេងៗទៀត អ្នកដែលមានជំងឺប្រចាំកាយ ន្តែមានស្ថានភាពនឹងនរ អាចគ្រប់គ្រងបានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សូមឱ្យ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត សូមបន្តធ្វើការណែនាំបន្ថែមដល់ ប្រធានមន្ទីរសុខាភិបាល រាជធានី-ខេត្ត ត្រូវធ្វើសេចក្តីជូនដំណឹងទៅគ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ឱ្យផ្ដល់ការចាក់វ៉ាក់សាំងកូវីដឱ្យបានគ្រប់គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។