មន្ត្រី​យោធា​ជាន់ខ្ពស់ នៃប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​ម​ណ្ឌ​គិរី លោក គឹម ឆុង អាង​អំណាច បន្លាច​ព្រះរាជអាជ្ញា ប៉ះ​សក់ រត់​រក​ថ្នាក់លើ​ជួយ​

​ខេត្តមណ្ឌលគិរី​៖ ព្រោះតែ មិនអាច​អនុវត្ត​ច្បាប់ ចាប់​មន្ត្រី​យោធា ឈ្មោះ ឈ្មោះ គឹម ឆុង ដែលមាន​តួនាទី ជា​នាយក្រុម កងអនុសេនាតូច​ទី​១ កងអនុសេនាធំ​ទី​២ វរ​សេនា​តូច​លេខ​២ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី ដាក់គុក​បាន លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដែល​ជាប់​ពាក់ព័ន្ធ​សំណុំរឿង កាប់បំផ្លាញ​ព្រៃឈើ នៅ​តំបន់​ឃុំ​ប៊ូ​ស្រា​ម្នាក់​ដែរនោះ បានចេញ ដីកា​បញ្ជូនទៅ កាន់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឲ្យ​ជួយ​ចាត់ការ លោក គឹម ឆុង ដែលជា​មន្ត្រី​រកស៊ី​ឈើ​ខុសច្បាប់​។​

​សូម​ជម្រាបជូន​ថា លោក គឹម ឆុង ត្រូវបាន​លោក ម៉ម វ៉ាន់ដា ជា​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បើក​ការ​ស៊ើបសួរ និង​សម្រេច​ចោទប្រកាន់ ពីបទ នាំចេញ អនុផល​ព្រៃឈើ ដែល​គ្មាន​អាជ្ញាប័ណ្ណ ប្រព្រឹត្ត​នៅ​ចំណុច ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​ម​ណ្ឌ​គិរី កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ យោងតាម​មាត្រា ៩៨ កថាខណ្ឌ​២ ខំ​ណុ​ច ៧ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​។​

​ក្រោយ​សម្រេច​ចោទប្រកាន់ តំណាង​អយ្យការ​បាន បញ្ជូន​សំណុំរឿង​លោក គឹម ឆុង ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត និង​ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើប​ចាប់​ជន​ត្រូវ​ចោទ​ដាក់គុក ប៉ុន្តែ​បំណង​របស់​តំណាង​អយ្យការ មិនបាន​សម្រេច​ឡើយ​ព្រោះ តែ​ចៅក្រម​ស៊ើប អនុញ្ញាត​ឲ្យ​លោកធំ គឹម ឆុង បាន​ដេក​ក្រៅ​គុក ទុក​ឲ្យ​កាប់បំផ្លាញ​ព្រៃឈើ​ទៀត​។​

​ព្រោះតែ ចៅក្រម​ស៊ើបសួរ​សម្រេច​មិន​ឃុំខ្លួន យោធា​អំណាច​មហិមា​ខាង​បំផ្លាញ​ធន​ជាតិ​ឈ្មោះ គឹម ឆុង បែបនេះ ទើប​លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា និង​លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ភ័យ​បះសក់ រហូត​ផ្ញើលិខិត​ទៅ​ថ្នាក់លើ​ឲ្យ​ជួយ​អន្តរាគមន៍​។​

​នៅក្នុង​លិខិត​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​ព្រះរាជអាជ្ញារង លោក ម៉ម វ៉ាន់ដា និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត ផ្ញើជូន សម្តេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តាមរយៈ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ជម្រាប​ជូនដំណឹង​ស្តីពី​ការចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ គឹម ឆុង ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​១៩៨៩ មុខងារ​ជា​នាយក្រុម​កងអនុសេនាតូច​ទី​១ កងអនុសេនាធំ​ទី​២ វរ​សេនា​តូច​លេខ​២ នៃ​តំបន់​ប្រតិបត្តិ ការ​សឹក​រង​មណ្ឌលគិរី ដោយ​យកតាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៩២ ចុះ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ របស់ អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី និង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ​១៤៥/១៨ ចុះ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ របស់​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ។​

​នៅក្នុង​លិខិត​របស់​តំណាង​អយ្យការ​បានបញ្ជាក់​យ៉ាង​លម្អិត​ថា កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ អយ្យ ការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បានសម្រេច​ចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ គឹម ឆុង ពីបទ ៖ នាំចេញ ផល​អនុផល​ព្រៃឈើ ដែល​គ្មាន​អាជ្ញាប័ណ្ណ តាម​មាត្រា​៩៨ កថាខណ្ឌ​២ ចំណុច​៧ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ ប្រព្រឹត្ត នៅ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្ជ​តា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ។​

​ប្រភពពី​មន្ត្រី​ចំនាញ (​មន្ត្រីនគរបាល​យុត្តិធម៌​) បាន​លួច​បង្ហើប​ថា ពេល​សមត្ថកិច្ច​បង្ក្រាប​រថយន្ត​ដឹកឈើ ដែល បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ប៉ុស្តិ៍​៧-​ណាំ​លៀ កាលពី​យប់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ក្នុង​បទល្មើស​ជាក់ស្តែង ក្នុងនោះ​ខាង​រដ្ឋបាល​ព្រៃឈើ​ក៏​បង្ក្រាបបាន ខាង បរិស្ថាន​ក៏​បង្ក្រាបបាន ជាមួយ​ការឃាត់ខ្លួន​ជនសង្ស័យ​។​

​បើទោះជា​សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​មេ​យោធា​ឈ្មោះ គឹម ឆុង ក៏ដោយ​ប៉ុន្តែ​តាម​កំណត់ហេតុ​ស្តាប់​ចម្លើយ​ដែល សមត្ថកិច្ច​សួរនាំ​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន ពួកគេ​បាន​សារភាពថា ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម ហើយ​មេខ្លោង​នោះ​គឺជា​ជន​ត្រូវ​ចោទ​ឈ្មោះ គឹម ឆុង ទើប​តំណាង​អយ្យការ​ចោទប្រកាន់​ទៅលើ​ឈ្មោះ គឹម ឆុង ពីបទ​នាំចេញ ផល​អនុផល​ព្រៃឈើ ដែល​គ្មាន​អាជ្ញាប័ណ្ណ តាម​មាត្រា​៩៨ កថាខណ្ឌ​២ ចំណុច​៧ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ ប្រព្រឹត្ត នៅ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្ជ​តា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ហើយ​ប្រមាណ​ជា​២​សប្តាហ៍​មុន ជន​ត្រូវ​ចោទ​មិនបាន​ចូលខ្លួន​មក​ឆ្លើយ​ប​ភ្លឺ​ក្នុងដំណាក់កាល​ចៅក្រម​ស៊ើបសួរ នោះទេ​។​

​សូមបញ្ជាក់ថា ករណី​លោក គឹម ឆុង ជា​មេ​យោធា រកស៊ី​ឈើ​ខុសច្បាប់ ដឹក​ទៅ​វៀតណាម មិនមែនជា​រឿង​ថ្មី ឬ​រឿង​ចម្លែក​ឡើយ ព្រោះ​កន្លងទៅ គណៈកម្មាធិការ​ជាតិ ទទួលបន្ទុក​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើ​o​ស​ព្រៃឈើ ដែលមាន នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន បាន​រកឃើញថា មន្ត្រី​ធំ​អស់​លេខ​នៅក្នុង​ខេត្តមណ្ឌលគិរី ដូចជា​លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា​ខេត្ត លោក សាក់ សា​រ៉ាង អតីត​មេបញ្ជាការ​កង​រាជ​អាជ​វុ​ធ​ហត្ថ​ខេត្ត និង​មន្ត្រី​ធំៗ នៅក្នុង​ក្នុង​ខេត្ត​នេះ រាប់សិប​នាក់ បាន​ពាក់ព័ន្ធ បទល្មើស​ស៊ីសំណូក បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម ចូល​កាប់​ឈើ​នៅ​តំបន់​អូរ​ហ៊ុ​ច អស់​រាប់រយ​ឡាន ប៉ុន្តែ​មកដល់ពេលនេះ មន្ត្រី​ធំៗ ទាំងនោះ រស់​ក្រៅ​គុក យ៉ាង​រីករាយ​ដដែល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close