អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទអង្គរវត្ត​

ខេត្តសៀមរាប​៖ ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ចាប់ផ្ដើម​ដំណើរការ ជួសជុល​ច្រកទ្វារ​ចូល​ខាងកើត​នៃ​ប្រាសាទអង្គរវត្ត ឱ្យ​ប្រសើរ​ឡើងវិញ ដែល​រង​ការខូចខាត​ដោយសារ​អាយុកាល កត្តា​អាកាសធាតុ និង​ការបំផ្លាញ​ដោយ​រុក្ខជាតិ​ផ្សេងៗ​។

​លោកស្រី ភិន វិជ្ជា​សច្ច​រ៉ា អ្នក​បុរាណ​វិទូ​ដែល​មើល​ខុសត្រូវ​ការដ្ឋាន​ជួសជុល​នោះ ឱ្យដឹងថា ច្រកចូល​ខាងកើត​នៃ​ប្រាសាទអង្គរវត្ត ថ្វីបើ មានការ​ខូចខាត​តិចតួច​ដោយ​ផ្នែក​ខ្លះៗ​ដូចជា ច្រក​ឡើង​នៃ​កាំជណ្ដើរ ជ្រុះ​ដំបូល ព្រហ្ម​ដំបូល និង​ហោជាង​ជាដើម ប៉ុន្តែ​អ្នកជំនាញ ត្រូវការ​ថែទាំ និង​ជួសជុល​ជា​ចាំបាច់ ដើម្បី​ជៀសវាង​ការឈាន​ទៅដល់​ការខូចខាត​ធ្ងន់ធ្ងរ​។

កិច្ចការ​ដំបូង គឺ​ក្រុមការងារ​បាន សិក្សា​ទៅលើ​សម្រង់​ប្លង់ រុករក​ថ្ម ដែល​បាន​ធ្លាក់ចុះ​រប៉ាត់រប៉ាយ​ហើយ​កំណត់​រូបរាង​របស់​វា​ឡើងវិញ មុននឹង​សម្អាត​ថ្ម​ទាំងនោះ​ឱ្យ​ស្អាត ហើយ​យក​វា​ទៅ​ផ្គុំ​នៅ​កន្លែង​ដើម​ឡើងវិញ​។

​សូមបញ្ជាក់ថា ការជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទអង្គរវត្ត ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ តទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close