កូរ៉េខាងជើង​បន្ត​សាកល្បង​មី​ស៊ី​លពីរ​គ្រាប់ ខណៈ​អាមេរិក​អំពាវនាវ​ឲ្យ​វិល​ត្រឡប់មក​ពិភាក្សា​វិញ​

​មន្ត្រី​អាមេរិក​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង បាន​លើកឡើងថា អាមេរិក​បាន​ត្រៀមលក្ខណ​ពិភាក្សា​ជាមួយ​កូរ៉េខាងជើង​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ដោយ​មិនមាន​លក្ខខណ្ឌ​ណាមួយ​នោះឡើយ​។​

​នៅ​ថ្ងៃទី ១៩​ខែតុលា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចូលទៅ​កាន់​ដែនសមុទ្រ​ប្រទេស​ជប៉ុន ។ សារព័ត៌មាន​យ៉ុង​ហាប់​របស់​កូរ៉េខាងត្បូង បាន​ដកស្រង់​ប្រភពព័ត៌មាន​ពី​ទីបញ្ជាការ​កងកម្លាំង​សម្ព័ន្ធមិត្ត​អាមេរិក​-​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា កូរ៉េខាងជើង​ពិតជា​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចូលទៅ​កាន់​ដែនសមុទ្រ​ជប៉ុន ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​មី​ស៊ី​ល​ប្រភេទ​ណា​នោះឡើយ​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ សារព័ត៌មាន​ក្យូ​ដូ របស់​ជប៉ុន​បាន​ផ្សាយ​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​មានប្រសាសន៍ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​លពីរ​គ្រាប់​ចូលទៅ​កាន់​ដែនសមុទ្រ​ជប៉ុន​។ តាម​ប្រភពព័ត៌មាន នៅពេលនេះ​មិនទាន់មាន​របាយការណ៍​បញ្ជាក់​ពី​ការខូចខាត​ដោយសារតែ​ការបាញ់​មី​ស៊ី​ល​នោះឡើយ អាច​ប៉ះពាល់​ដល់​ក្រុម​អ្នកនេសាទ ឬ​ឆ្មាំ​ការពារ​ដែនសមុទ្រ​ដែរឬទេ​។​

​សារព័ត៌មាន យ៉ុង​ហាប់​បាន​ផ្សាយ​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​លពីរ​គ្រាប់ ចេញពី​ទីតាំង Sinpo ស្ថិតនៅក្នុង​ខេត្ត​Hamgyong នៅវេលា​ម៉ោង ១០​និង​១៧​នាទី​(​ពេលវេលា​ក្នុង​តំបន់​)​។ នៅពេល​នេះដែរ ក្រុម​ចារកិច្ច​អាមេរិក​និង​កូរ៉េខាងត្បូង កំពុងតែ​វាយតម្លៃ ពី​បញ្ហា​ខាងលើ​។​

​នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​រយៈពេល​មួយខែ​កន្លងមក ដែល​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​។ កាលពី​ថ្ងៃទី ១៥​ខែកញ្ញា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចេញពី​រថភ្លើង ដែលជា​ជំហាន​ថ្មី​ក្នុង​យុទ្ធសាស្ត្រ​យោធា​របស់​កូរ៉េខាងជើង ក្នុង​គោលដៅ​ការពារ​និង​ទប់ស្កាត់​ការវាយប្រហារ​ពីស​ត្រូវ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close