ចំនួនអ្នកស្លាប់កើន ៤១នាក់ហើយ ដោយសារគ្រោះទឹកជំនន់វាយប្រហារប្រទេសឥណ្ឌា

ដេលី៖ មនុស្សយ៉ាងតិច ៤១នាក់បានស្លាប់ និងជាង ១២ នាក់ទៀតបានបាត់ខ្លួនបន្ទាប់ពីការរអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅភាគខាងជើងប្រទេសឥណ្ឌា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីឥណ្ឌាក្នុងតំបន់នៅថ្ងៃអង្គារម្សិលមិញ។

មន្ត្រីឥណ្ឌានៅក្នុងរដ្ឋ Uttarakhand បាននិយាយថា មនុស្ស ៣៥ នាក់បានស្លាប់នៅក្នុងករណីបាក់ដីថ្មីកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីមនុស្ស ៦ នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុស្រដៀងគ្នានេះកាលពីប៉ុន្មានថ្ងៃមុន។ ដោយឡែកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ទំនប់វារីអគ្គិសនីមួយចំនួននៅទូទាំងរដ្ឋ Kerala ត្រូវបានបើកដើម្បីកាត់បន្ថយហានិភ័យនៃទឹកជោរជន់។
នាយកដ្ឋានឧតុនិយមឥណ្ឌាបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងជោគជាំកាលពីចុងសប្ដាហ៍មុន បណ្តាលមកពីតំបន់សម្ពាធទាបមួយនៅសមុទ្រអារ៉ាប់ភាគអាគ្នេយ៍ និងរដ្ឋ Kerala ហើយថយចុះមកវិញនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
ការិយាល័យអាកាសធាតុឥណ្ឌាក៏បាននិយាយដែរថា នៅភាគខាងជើងប្រទេសឥណ្ឌា រដ្ឋមួយចំនួនរួមទាំងតំបន់ហិមាល័យនៃរដ្ឋ Uttarakhand និងរដ្ឋ Himachal Pradesh នឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ជោគជាំក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខនេះ៕
![]()
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។