រាជរដ្ឋាភិបាល ប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥

ភ្នំពេញ៖ បន្ទាប់ពីត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តជាផ្លូវការកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លទៅរួចមក ទើបនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ដើម្បីអាចដើរតាមទស្សនវិស័យនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងនៅក្នុងបរិបទនៃការប្រកួតប្រជែងទេសចរណ៍កាន់តែខ្លាំងក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ផែនការមេបានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិសម្រាប់ខេត្តសៀមរាប ខណៈដែលបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។
ផែនការមេបានធ្វើការសិក្សា និងកំណត់នូវយុទ្ធសាស្ត្របង្កើនភាពទាក់ទាញនៃខេត្តសៀមរាបទាំងមូល ដែលមានលើសពីការទស្សនាប្រាសាទ ដោយត្រូវផ្សារភ្ជាប់ជាមួយសកម្មភាពកម្សាន្តដ៏សម្បូរបែប ប៉ុន្តែត្រូវគោរពតាមគោលការណ៍អភិរក្ស និងប្រើប្រាស់គុណសម្បត្តិវប្បធម៌ និងធម្មជាតិទាំងនេះឱ្យបានជាអតិបរមា តាមរយៈការពង្រីកបន្ថែមនូវសកម្មភាព និងព្រឹត្តិការណ៍កម្សាន្តនានាដើម្បីបង្កើនភាពពេញចិត្ត ភាពទាក់ទាញដល់ភ្ញៀវទេសចរ ឈានទៅបង្កើនរយៈពេលស្នាក់នៅ ក៏ដូចជាបង្កើនការចំណាយរបស់ភ្ញៀវទេសចរ និងចាប់យកតម្លៃបន្ថែមពីវិស័យទេសចរណ៍ខ្ពស់ជាងមុន ដើម្បីបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នេះ នឹងប្រែក្លាយខេត្តសៀមរាបជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញ ប្រកបដោយគុណភាព ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ និងមានភ្ញៀវទេសចរមកកម្សាន្តបានម្ដងហើយម្ដងទៀត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តទៀតថា គោលបំណងជាយុទ្ធសាស្ត្រនៃផែនការមេនេះ គឺត្រូវធ្វើយ៉ាងណាឱ្យខេត្តសៀមរាបក្លាយជាគោលដៅទេសចរណ៍ដ៏ចម្បង និងទាក់ទាញនៅក្នុងតំបន់ និងសកលលោក ដោយឈរលើមូលដ្ឋាននៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ សាសនា និងភាពជាខ្មែរ។
ឯកឧត្ដម ថោង ខុន បង្ហាញការរំពឹងទុកថា ផែនការមេនេះនឹងចូលរួមយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្តីពីទេសចរណ៍កម្ពុជា ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពលំដាប់ពិភពលោក ផ្តល់ភាពកក់ក្តៅដល់ទេសចរ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះខេត្តសៀមរាបត្រូវអភិវឌ្ឍន៍ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលអាចក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់វិស័យទេសចរណ៍កម្ពុជា និងជាគោលដៅទេសចរណ៍ចម្បងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនុរ័ត្ន បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រនិងផែនការគន្លឹះទាំងនេះ កម្ពុជានឹងអាចស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជានៅក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសនៅខេត្តសៀមរាបនេះផ្ទាល់តែម្តង ព្រមទាំងអាចចាប់យកកាលានុវត្តភាពពីវិបត្តិនេះ ដើម្បីដាក់ចេញនូវការកែទម្រង់ស៊ីជម្រៅ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព, សុវត្ថិភាព និងចីរភាព ដែលនឹងផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ សូមចូលរួមឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានសម្រេចជោគជ័យ សំដៅចូលរួមស្តារអនាគតនៃវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងនៃ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។