ក្រសួងសុខាភិបាល សម្រេច​កំណត់​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកដំណើរ​មកពី​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីសម្រេច​ស្តីពី​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា ស្តីពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកដំណើរ​មកពី​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​មូលដ្ឋាន​បាន​ពេញលេញ​។

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា នីតិវិធី​ប្រតិបត្តិ​ស្តង់ដា ស្តីពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកដំណើរ​មកពី​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​មូលដ្ឋាន​បាន​ពេញលេញ មាន​វិសាលភាព​អនុវត្ត​ទូទាំងប្រទេស​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល ជូនដំណឹង​កែប្រែ​លក្ខខណ្ឌ​ធ្វើដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ចូលមក​កម្ពុជា តាម​គ្រប់​ច្រកចូល ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន បាន​ពេញលេញ​ដូចតទៅ​៖

* ត្រូវអនុវត្ត​របប​ពិសេស ទៅតាម​ការសម្រេច​រប​ស់រាជ​រដ្ឋាភិបាល លើ​ករណី​នីមួយៗ ចំពោះ​ភ្ញៀវ​ផ្លូវការ​របស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល ដែល​ត្រលប់​ពី​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​

* ត្រូវអនុវត្ត​របប​ច​ត្តា​ឡី​ស័ក​ចំនួន ៣​ថ្ងៃ ចំពោះ​វិនិយោគិន បុគ្គលិក​ជំនាញ​បច្ចេកទេស​ទាំង​ជនជាតិខ្មែរ និង​បរទេស មន្ត្រីការទូត មន្ត្រី​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ផ្លូវការ និង​មន្ត្រីរាជការ​របស់​រាជ​រដ្ឋាភិបាល ដែល​ត្រលប់​មកពី​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស (​ដោយ​រួមបញ្ចូល​ក្រុមគ្រួសារ​របស់​ក្រុម អាទិភាព​នេះ​ផង​)

* ត្រូវអនុវត្ត​របប​ច​ត្តា​ឡី​ស័ក​ចំនួន ៧​ថ្ងៃ ចំពោះ​អ្នកដំណើរ​ទូទៅ​ដែលជា​ជនជាតិខ្មែរ ឬ​ជនបរទេស និង​ដោយឡែក ត្រូវអនុវត្ត​របប​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ ចំពោះ​អ្នកដំណើរ​គ្រប់​ប្រភេទ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូវ​ដ​-១៩ ឬ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​បាន​ពេញលេញ​។​

​សូមជម្រាបថា តាមរយៈ​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់នូវ​អាទិភាព​ខ្ពស់ សម្រាប់​អ្នកដំណើរ​ចូលមក​កម្ពុជា​ទាំង​ខ្មែរ និង​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ បាន​ពេញលេញ ខណៈ​អ្នក​ដែល​ចាក់​មិនបាន​ពេញលេញ គឺ​ត្រូវ​បន្ដធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ដដែល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close