ឯកឧត្តម ស៊ុន ចាន់ថុល ជំ​រុញឱ្យ​ក្រុមហ៊ុន​អាមេរិក មក​ដាក់ទុន​វិនិយោគ ក្នុងការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ នៅ​ទីស្តីការ ក្រសួង ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល ជួបពិភាក្សា​ការងារ​ជាមួយនឹង​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក ដែល​ដឹកនាំ​ដោយ លោក Michael W. Michalak អនុប្រធាន​ជាន់ខ្ពស់ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក ដោយមាន​ការចូលរួម​អមដំណើរ​ពី​តំណាង​មកពី​ក្រុមហ៊ុន​ចំនួន​១៣ ដែលជា​សមាជិក​របស់​ក្រុមប្រឹក្សា តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​។

​ថ្លែង​ក្នុងជំនួប​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​អំពី​វឌ្ឍនភាព​ការងារ និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ជាពិសេស​គម្រោង​សាងសង់ និង​ពង្រីក​ផ្លូវជាតិ​លេខ​៧(​ស្គន់​-​កំពង់ចាម​) ពី​ពីរ​គន្លង​ទៅ​បួន​គន្លង និង​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​(​ក្រចេះ​) គម្រោង​សាងសង់​ផ្លូវ ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២២ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត (​ព្រំដែន​កម្ពុជា​-​វៀតណាម​) គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៤ ខ្សែ​នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​គម្រោង​សាងសង់​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​នៅពេល​កម្ពុជា​បើក​ប្រទេស​សារជាថ្មី​ឡើងវិញ​បន្ទាប់ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការចូលរួម​វិស័យ​ឯកជន នៅក្នុង​ការអភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​សេដ្ឋកិច្ចជាតិ និង​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដ៏​សំខាន់ និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​អាមេរិក​ចូលរួម​ដេញថ្លៃ​វិនិយោគ​លើ​គម្រោង​សាងសង់​ហេ​ដ្ឋា រចនាសម្ព័ន្ធ​នៅ​កម្ពុជា ដោយហេតុថា​កន្លងមក​៖ មិនទាន់មាន​ក្រុមហ៊ុន​របស់​អាមេរិក​ណា​មួយ​ចូលរួម ដេញថ្លៃ​គម្រោង​សាងសង់​នៅឡើយ​ទេ សូម្បីតែ​ផ្លូវជាតិ​លេខ​៤ ដែល​អាមេរិក​បាន​សាងសង់​កាលពី​ទសវត្សរ៍​ឆ្នាំ​៦០ ក៏ដោយ​។

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​របស់​អាមេរិក​ចូលរួម ក៏ដូចជា​ដាក់ទុន​វិនិយោគ​នៅក្នុង​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឱ្យមាន​គុណភាព​រឹងមាំ​។

​ជាទី​បញ្ចប់ គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី និង​បាន​សន្យា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ឯកជន​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close